អ្នកជំនាញអះអាងថាលំនៅឋានតម្លៃសមរម្យបន្តទទួលបានការគាំទ្រច្រើនពីអតិថិជន

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២ បន្តទទួលផលប៉ះពាល់ពីបញ្ហាប្រឈម ដោយទាំងការលក់ និងការអភិវឌ្ឍនៅតែមានសកម្មភាពតិចតួច ធៀបនឹងសកម្មភាពមុនឆ្នាំ២០២០។ យ៉ាងណាក្ដី ទីផ្សារលំនៅឋានតម្លៃសមរម្យត្រូវបានមើលឃើញថា មានចរន្តការទិញ លក់ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន បានថ្លែងប្រាប់គេហទំព័រ Property Area Asia ថាទីផ្សារលំនៅឋានតម្លៃសមរម្យនៅតែបន្តទទួលបានការគាំទ្រពីអតិថិជន ជាពិសេស លំនៅឋានតម្លៃចន្លោះ៤ ឬ៥ម៉ឺន ទៅក្រោម១០ម៉ឺន។ ចំណែក ទីផ្សារលំនៅឋានតម្លៃចាប់ពី១០ម៉ឺនដុល្លារអាមេរិកឡើងទៅហាក់ដូចជានៅបន្តប្រឈមផលប៉ះពាល់។

លោកបន្តថា ជាពិសេស ក្នុងអំឡុងក្នុងឆ្នាំ២០២២នេះ លោកបានបន្តអភិវឌ្ឍន៍គម្រោងលំនៅឋាន ដែលមានតម្លៃសមរម្យ ហើយក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ដោយគម្រោងទី១បានលក់អស់ គម្រោងទី២ក៏កំពុងលក់ជិតអស់ហើយដែរ និងគ្រោងត្រៀមអភិវឌ្ឍន៍គម្រោងទី៣ ដើម្បីបំពេញតម្រូវការអតិថិជនបន្ថែម។

លោកបន្ថែមថា “លំនៅឋានក៏អាស្រ័យលើទីតាំងសក្ដានុពល និងអំណោយផល នៃការធ្វើអាជីវកម្មផងដែរ ទើបមានអតិថិជនគាំទ្រ និងទិញសម្រាប់ស្នាក់នៅផង និងអាចធ្វើអាជីវកម្មរកចំណូលផង”។

លោករំពឹងថាមិនយូរទេសកម្មភាពអាជីវកម្មទាំងឡាយ រួមនឹងសកម្មភាពការវិនិយោគអចលនទ្រព្យនឹងទទួលបានការស្ទុះងើបឡើងវិញ ដូចនឹងមុនវិបត្តិកូវីដ១៩។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះទីផ្សារខុនដូនៅក្នុងប្រទេសកម្ពុជាក៏ឃើញថា ខុនដូតម្លៃសមរម្យក៏ទទួលបានការគាំទ្រ និងទិញច្រើនពីសំណាក់អតិថិជន ខណៈខុនដូតម្លៃខ្ពស់មិនសូវមានការទិញលក់ទេ។

លោកបន្តថា ដោយសារតែខុនដូតម្លៃមធ្យម ឬតម្លៃសមរម្យនេះមានតម្រូវការច្រើន ទើបអ្នកអភិវឌ្ឍន៍បានងាកមកអភិវឌ្ឍខុនដូតម្លៃសមរម្យ សម្រាប់ផ្គត់ផ្គង់លើទីផ្សារវិញ ហើយខុនដូតម្លៃខ្ពស់ក៏រង់ចាំមើលពីការវិលត្រលប់ នៃវិនិយោគិន និងជនបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here