ស្របពេលទីផ្សារខុនដូកំពុងរីកចំរើននៅប្រទេសនេះ ការសម្រេចចិត្តទិញនូវលំនៅដ្ឋានទំនើបនេះ មិនមែនជាការគួរប្រថុយប្រថាននោះទេ។ ដូច្នេះដើម្បីបញ្ចៀសហានិភ័យនៃការខាតបង់ ទាមទារឲ្យអ្នកវិនិយោគស្វែងយល់លើកត្តាមួយចំនួនដើម្បីទទួលបានផាសុខភាពក្នុងការរស់នៅ ក៏ដូចជាទទួលបានផលចំណេញពីការវិនិយោគរបស់ខ្លួន។ តើអតិថិជនត្រូវពិនិត្យលើកត្តាអ្វីខ្លះ ដើម្បីឲ្យការបោះទុនវិនិយោគលើវិស័យនេះបញ្ចៀសបាននូវហានិភ័យ។

លោក លី សែនលាភ អគ្គនាយកក្រុមហ៊ុន FURI (First United Real Estate Investment) ជាក្រុមហ៊ុនដែលមានជំនាញលើការលក់ខុនដូនៅកម្ពុជាបានថ្លែងឲ្យដឹងថា មុនសម្រេចចិត្តទុនខុនដូអ្នកវិនិយោគ គួរសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ព្រោះកត្តាទាំងនេះ ជាផ្នែកយ៉ាងសំខាន់សម្រាប់វិនិយោគ ក៏ដូចជាសម្រួលភាព ងាយស្រួលក្នុងការរស់នៅ។
-->
ពិនិត្យមើលលើកត្តាច្បាប់
ច្បាប់ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឲ្យអតិថិជនមានទំនុកចិត្តក្នុងការវិនិយោគលើផ្នែកនេះ ដូចនេះមុនសម្រេចចិត្តវិនិយោគលើអាគារខុនដូណាមួយអតិថិជនត្រូវសាកសួរទៅអ្នកអភិវឌ្ឈន៍លើច្បាប់ចំនួនបី ទី១ ច្បាប់ទាក់ទងនឹងការសាងសង់ ទី២ ច្បាប់ទាក់ទងនឹងអាជ្ញាប័ណ្ណអភិវឌ្ឈន៍ ទី៣ ច្បាប់ទាក់ទងនឹងអាជ្ញាប័ណ្ណលក់ និងកត្តាមួយទៀតអតិថិជនគួរសាកសួរទៅធនាគារ ដើម្បីដឹងថាតើធនាគារអាចផ្តល់ឥណទានទិញគំរោងនោះឬអត់? ព្រោះប្រសិនជាធនាគារយល់ព្រមផ្តល់ឥណទានមានន័យថាគំរោងនោះស្របច្បាប់ហើយ។
ការឌីសាញអាគារ
ការឌីសាញអាគារក៏ជាកត្តាសំខាន់ ពិតជាមិនអាចមើលរំលងបានផងដែរ ព្រោះការឌីសាញអាគារខុនដូ គឺជាកត្តាកំណត់តំលៃទ្បើងឬចុះនៃផ្ទះដែលអតិថិជនបានទិញនៅក្នុងខុនដូណាមួយនោះ។ ប្រសិនជាអ្នកអភិវឌ្ឈន៍ខុនដូ គិតតែពីប្រាក់ចំណេញ តំលៃខុនដូនោះមិនទ្បើងថ្លៃនោះទេ និងធ្វើឲ្យតំលៃនៃការលក់ឬជួលធ្លាក់ចុះផងដែរ។
ដូចនេះការឌីសាញពិតជាមានសារៈសំខាន់ណាស់ ដើម្បីអាគារខុនដូណាមួយមានភាពទាក់ទាញ អាចទទួលបានចំណេញ និងចំណូលច្រើនពីការលក់ឬការជួលព្រោះការឌីសាញក្នុងនិងក្រៅអាគារ ការរៀបចំចំណតយានយន្តសមស្រប និងមានសេវាកម្មចាំបាច់មួយចំនួនទៀតដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ឬមានភោជនីយដ្ឋាននិង Sky Bar ជាដើម ពិតជាមិនអាចមើលរំលងបាន ព្រោះកត្តាទាំងនេះ ដើរតួនាទីកំណត់នូវតំលៃទ្បើងចុះរបស់ខុនដូលើទីផ្សារ។

ទីតាំង
ការជ្រើសរើសទីតាំងគំរោងអភិវឌ្ឈន៍ខុនដូ ក៏ជាកត្តាចាំបាច់សម្រាប់អ្នកទិញខុនដូផងដែរ ព្រោះតាមធម្មតាអ្នកទិញខុនដូតែងចង់បានទីតាំងដែលល្អ មានខ្យល់អាកាសបរិសុទ្ឋ និងទេសភាពស្អាតស្រស់បំព្រង និងមានភាពងាយស្រួលសម្រាប់ការរស់នៅ ដូចជានៅជិតផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋានជាដើម។
ដូចនេះការជ្រើសទីតាំងកណ្តាលក្រុង មានទេសភាពស្អាត និងខ្យល់អាកាសបរិសុទ្ឋ គួរជាកត្តាដែលគួរយកមកពិចារណាមិនអាចខ្វះបានផងដែ។
ចំណតយានយន្ត
ចំណតយានយន្ត ក៏ជាផ្នែកមួយដ៏សំខាន់មិនអាចមើលរំលងបានផងដែរ ព្រោះប្រសិនជាចំណតយានយន្តមិនគ្រប់គ្រាន់ ឬមិនបាន៨០ទៅ៩០ភាគរយនៃចំនួនយូនីតរបស់ខុនដូនិមួយៗ នោះលោក អ្នកនឹងប្រឈមបញ្ហានៅពេលអនាគត ព្រោះ
ពេលខុនដូមានចំនួនមនុស្សចូលទៅរស់នៅច្រើន បញ្ហាជម្លោះនឹងអាចកើតមានទៅលើទីតាំងចតរថយន្ត។
បញ្ហាជណ្តើរយន្ត និងជណ្តើរជើង
ជណ្តើរយន្តក៏ជាផ្នែកមួយ ដែលអាចធ្វើឲ្យលោក អ្នកឈឺក្បាលពេលធ្វើដំនើរឡើងចុះផងដែរ ប្រសិនជាអាគារខុនដូនោះមានច្រើនយូនីត តែមានចំនួនជណ្តើរយន្តតិច។ តាមស្តង់ដាអាគារមួយមានផ្ទះចំនួន១០០យូនីត គួរមានជណ្តើរយន្តចំនួន។
ចំណែកជណ្តើរយន្តជាផ្នែកមួយមិនអាចមើលរំលងបានផងដែរ ព្រោះពេលមានបញ្ហាអគ្គិភ័យណាមួយកើតមាន ឬមានហេតុការណ៍ផ្សេងៗទៀត ជណ្តើរជើងនិងប្រព័ន្ឋរំដោះមនុស្សដទៃទៀត ពិតជាមានសារៈសំខាន់ ដើម្បីផ្តល់សុវត្ថិភាពដល់ អ្នកស្នាក់នៅក្នុងអាគារនោះ។
ការជ្រើសរើសជាន់នៃខុនដូ
តាមធម្មតាខុនដូនិមួយៗ ដែលមានជាន់កាន់តែខ្ពស់ មានតម្លៃបន្ថែមពីមួយជាន់ទៅមួយជាន់កាន់តែថ្លៃ ហេតុនេះការជ្រើសរើសប្រកបដោយភាពឆ្លាតវៃមានសារៈសំខាន់ណាស់។ តើអតិថិជនរស់នៅខុនដូ គួរមានការយល់ដឹងអ្វីខ្លះ? គឺអ្នកទិញខុនដូមិនគួរទិញនៅជាន់ខាងលើគេនោះទេ ព្រោះវាប្រឈមបញ្ហាមួយចំនួនដូចជា ទី១ ការជ្រាបទឹកភ្លៀង ទី២ មានការរំខានពីអ្នកឡើងទៅលេងកំសាន្ត ក្នុងករណីជាន់ខាងលើគេជាទីតាំងហាត់ប្រាណ ឬជាកន្លែងភោជនីយដ្ឋាន និងអាងហែលទឹកជាដើម៕