ដោយៈ សុផារី
ភ្នំពេញៈ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ គម្រោងសាងសង់នៅទូទាំងប្រទេសមានជាង៣ពាន់គម្រោង ក្រោមទុនវិនិយោគប្រមាណជិត២ពាន់លានដុល្លារអាមេរិក ដែលបានចូលរួមលើកស្ទួយ ដល់សរដ្ឋកិច្ចកាន់តែប្រសើរថែមទៀត។
លោក លាង មុនីរិទ្ធិ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ ក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៌វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ខ្នាតអន្តរជាតិ (CAMFOOD/CAMHOTEL and CAMBUILD 2022) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា។
-->

លោកបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២២នេះ ក្រសួងបានអនុញ្ញាតសាងសង់ នៅទូទាំងប្រទេសចំនួន៣.១៧៦គម្រោង មានទុនវិនិយោគចំនួន១.៩៦៣លានដុល្លារអាមេរិក។ ក្នុងនោះ មានគម្រោងបណ្តុំលំនៅដ្ឋាន ជាលក្ខណៈបុរីចំនួន២០គម្រោង គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន៩៨គម្រោង ស្មើនឹង១០០អគារ។
ក្នុងចំណោមគំរោងទាំងនោះ គំរោងសាងសង់នៅរាជធានីភ្នំពេញមានចំនួន៦៣គម្រោង ខេត្តព្រះសីហនុ១១គម្រោង ខេត្តបន្ទាយមានជ័យ១២គម្រោង និងបណ្តាខេត្តផ្សេងៗទៀត១២គម្រោង។
លោកបានមានប្រសាសន៍ថា កំណើននៃគម្រោងសាងសង់នេះ នាំឱ្យមានតម្រូវការលើសម្ភារៈសំណង់បរិក្ខារសំណង់ និងផលិតផលសំណង់ និងបច្ចេកវិទ្យាសំណង់ ចាំបាច់មានស្តង់ដារត្រឹមត្រូវអនុឡោម តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ រួមទាំងគាំទ្រដល់ការអភិវឌ្ឍ ធ្វើឲ្យទីក្រុងមានភាពរស់រវើកមានការតភ្ជាប់ និងមានសុវត្ថិភាព ប្រកបដោយនិរន្តរភាព និងបរិស្ថាននៃការរស់នៅកាន់តែល្អប្រសើរ៕
