តើនៅឆ្នាំ២០២៣នឹងមានអ្វីល្អខ្លះសម្រាប់កម្ពុជា ?

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២៣ជាឆ្នាំមួយ ដែលត្រូវបានគេរំពឹងទុកខ្ពស់ពីការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាវិស័យនានា ពិសេសវិស័យពាណិជ្ជកម្មដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសនេះ។

គម្រោងធំៗមួយចំនួន ដែលរង់ចាំជាយូរមកហើយនោះ ក៏រំពឹងថា នឹងត្រូវចាប់ផ្ដើមនៅឆ្នាំ២០២៣ដែរខាងមុខនេះដែរ ។ តើឆ្នាំ២០២៣នឹងមានអ្វីល្អខ្លះសម្រាប់កម្ពុជា ?។

ឆ្នាំ២០២៣គម្រោងធំមួយ ដែលពលរដ្ឋកម្ពុជារង់ចាំជាយូរនោះ គឺគម្រោងស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ហើយការចាប់ផ្ដើមសាងសង់ស្ពានតភ្ជាប់ភ្នំពេញ អរិយក្សត្រនេះដែរគឺជាក្ដីរំពឹងខ្ពស់ពីសំណាក់អ្នកអភិវឌ្ឍន៍ ដែលនឹងងាកទៅកាន់ត្រើយខាងកើតនៃទន្លេមេគង្គ ក៏ដូចជាផ្ដល់នូវសេចក្ដីរំពឹងខ្ពស់ ដល់ប្រជាពលរដ្ឋរស់នៅត្រើយខាងកើតទន្លេផងដែរ។

អ្នកជំនាញមើលឃើញថា “ការសាងសង់ស្ពាននេះ នឹងនាំពលរដ្ឋទៅរស់នៅតំបន់ត្រើយខាងកើតកាន់តែច្រើន ខណៈតំបន់នេះនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ”។ អ្នកជំនាញគិតថា “តំបន់អរិយក្សត្រ មានឧបសគ្គ ត្រង់អត់មានស្ពានឆ្លងតែប៉ុណ្ណឹង តែបើសិនជាមានស្ពានឆ្លងនោះ ការអភិវឌ្ឍរវាងត្រើយខាងកើត និងត្រើយខាងលិខនឹងមានភាពប្រកួតប្រជែងគ្នា”។

ឆ្នាំ២០២៣នេះដែរ គម្រោងមួយទៀត ដែលមានទឹកប្រាក់ជាង១,៦ពាន់លានដុល្លារអាមេរិក គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលនឹងត្រូវសាងសង់ នៅពាក់កណ្ដាលឆ្នាំ២០២៣។ គម្រោងនេះ នឹងតភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងភ្នំពេញ និងបាវិត ហើយនឹងនាំការវិនិយោគនានា ទៅកាន់តំបន់ព្រំដែនអន្តរជាតិកម្ពុជា វៀតណាមផងដែរ ។

ឆ្នាំ២០២៣ក៏ជាឆ្នាំ ដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍មួយ ជាប្រវត្តិសាស្ត្រគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលព្រឹត្តិការណ៍នឹងនាំមក នូវទេសចរអន្តរជាតិមកពីគ្រប់ទិសទី ចូលមកទស្សនានូវការប្រកួតកីឡា ខ្នាតអន្តរជាតិនៅតាមបណ្ដាខេត្តនិងរាជធានីរបស់កម្ពុជា ។ រដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ ចាប់ពីពេលនេះតទៅរួចហើយដែរ ។

នៅមានព្រឹត្តិការណ៍ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនទៀតនឹងត្រូវប្រកាស និងចាប់ផ្តើមសាងសង់ ហេតុនេះប្រសិនជាអ្វីៗមានភាពប្រសើរ ពិសេសសេដ្ឋកិច្ចពិភពលោករីកចម្រើន មិនជួបវិបត្តិច្បាស់ណាស់អ្វីៗ នឹងមានភាពប្រសើរឡើង។

លោកខន គង្គា អគ្គនាយកនៃក្រុមហ៊ុន ERA Cambodia ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៣ និង២០២៤ លោករំពឹងថាវិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូ នៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះឡើងវិញ ក្រោយពីកម្ពុជា បានរៀបចំព្រឹត្តិការណ៍អន្តរជាតិពីរសំខាន់ និងមានវត្តមានភ្ញៀវអន្តរជាតិ ជាពិសេសមេដឹកនាំពិភពលោកជាច្រើន ចូលរួមផងដែរនោះ ។

សរុបសេចក្ដីមកឆ្នាំ២០២៣ តទៅបើមិនមានអ្វីរារាំងថ្មីៗទៀតនោះទេ វាគឺជាឆ្នាំដែលកម្ពុជា ក៏ដូចជា ពិភពលោកនឹងទទួលបាននូវសញ្ញាវិជ្ជមាននៃការវិនិយោគ សេដ្ឋកិច្ចនិងការធ្វើពាណិជ្ជកម្មជាមួយគ្នាឡើងវិញ ដូច​ដែលមុនពេលដែលពិភពលោកនេះ មានវិបត្តិកូវីដ១៩អញ្ចឹងដែរ។

លោកបណ្ឌិតBen Li ប្រធានក្រុមប្រឹក្សាភិបាលនៃគំរោងUrban Village ដែលជាគំរោងមានទស្សនទានចម្រុះ និងការអភិវឌ្ឍស្តង់ដារស់នៅ​បែបសហគមន៍ដំបូងគេ នៅរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “ខ្ញុំស្ទើរមិនអាចរង់ចាំ ក្នុងការទៅអង្គុយទស្សនាពិធីបើកកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ”។

លោកបន្តថា “កម្ពុជា ជាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើន និងជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ាន ដែលសេដ្ឋកិច្ចមានការរីកចម្រើនលឿន​”។ លោកបន្តថា “ប្រសិនជាអ្នកមានប្រាក់ សូមចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ ព្រោះវិស័យនេះនឹងរីកចម្រើនរយៈពេលវែងបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here