ដោយ: លាងហួរ
វៀងច័ន្ទ: សាជីវកម្មអាកាសយានដ្ឋានកូរ៉េ ខាងត្បូង(KAC) គ្រោងចុះហត្ថលេខា លើភាពជាដៃគូជាមួយរដ្ឋាភិបាលឡាវ ដើម្បីពង្រីកនិងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិហ្លួងព្រះបាង។
សាជីវកម្ម KAC បានប្រតិបត្តិការអាកាសយានដ្ឋានចំនួន១៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុននេះបានចែករំលែកលទ្ធផល នៃលទ្ធភាពសិក្សាទី៣ លើការពង្រីកព្រលានយន្តហោះ ជាមួយលោក ថងវ៉ាន់ ស៊ីស៊ូផាកុន ប្រធានអាកាសយានដ្ឋានអន្តរជាតិហ្លួងព្រះបាង លោក ប៊ុន គង់ សុខសាវ៉ាត មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ដែលមានវត្តមាននៅក្នុងពិធីនេះ។
បច្ចុប្បន្ន រដ្ឋាភិបាលឡាវ និងអាជ្ញាធរអាកាសយានដ្ឋានកំពុងស្វែងរកដៃគូឯកជនវិនិយោគ ក្នុងទំហំទឹកប្រាក់ចំនួន១៥០លានដុល្លារអាមេរិក ដើម្បីពង្រីក និងគ្រប់គ្រងអាកាសយានដ្ឋានហ្លួងព្រះបាង សម្រាប់រយៈពេល៥០ឆ្នាំខាងមុខ។
នៅក្នុងកម្មវិធីនេះ KAC បានផ្តល់នូវការកែលម្អ និងផែនការពង្រីកដែលនឹងអនុញ្ញាតឱ្យព្រលានយន្តហោះ អាចផ្ទុកអ្នកដំណើរបានជាង៤,៦១លាននាក់ ពីសមត្ថភាពបច្ចុប្បន្ន១,២លាននាក់។
លោក ថង វ៉ាន់បានបន្តថាការជួសជុលថែរទាំ និងការគ្រប់គ្រងព្រលានយន្តហោះហ្លួងព្រះបាង មានភាពទំនេរក្រោយពីមានការធ្លាក់ចុះ នៃតម្រូវការធ្វើដំណើរដោយសារជំងឺកូវីដ១៩ ហើយយើងចង់ឃើញមានការអភិវឌ្ឍអាកាសយានដ្ឋានដោយមានជំនួយពីKAC។
ជាមួយនឹងបទពិសោធន៍រយៈពេល៤២ឆ្នាំរបស់ខ្លួន ក្នុងការគ្រប់គ្រងអាកាសយានដ្ឋាន KAC បានស្នើឱ្យមានការកែលំអ និងពង្រីកស្ថានីយ និងផ្លូវរត់យន្តហោះរបស់អាកាសយានដ្ឋាន។
KAC ក៏បានដាក់ចេញនូវផែនការ នៃការសាងសង់តំបន់ពាណិជ្ជកម្មដូចជា កន្លែងលក់អាហារ និងជួលរថយន្តផងដែរ៕