ដោយ: លាងហួរ
តូក្យូ: ក្រុមហ៊ុនអភិវឌ្ឍន៍ Mitsubishi Estate Co. បានប្រកាសថា ខ្សែសង្វាក់សណ្ឋាគារដ៏ប្រណិតធំបំផុតរបស់ប្រទេសអង់គ្លេស Dorchester Collection គ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសជប៉ុន។
សណ្ឋាគារនេះនឹងក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន ដោយបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុននៅទីក្រុងតូក្យូ ហើយគម្រោងសម្ពោធដាក់ឱ្យដំណើរការជាលើកដំបូងក្នុងទ្វីបអាស៊ី នៅក្នុងឆ្នាំ២០២៨ខាងមុខនេះ។
យោងតាមផែនការនាពេលបច្ចុប្បន្ន សណ្ឋាគារ Dorchester នឹងកាន់កាប់ជាន់ទី៥៣ ដល់ជាន់ទី៥៨ នៃអគារខ្ពស់បំផុតមួយនេហ ហើយត្រូវបានរំពឹងថានឹងមានបន្ទប់ភ្ញៀវចំនួន១១០ ក៏ដូចជាភោជនីយដ្ឋាន និងអាងហែលទឹក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នាដោយក្រុមហ៊ុន Mitsubishi ក្រុមហ៊ុន Tokyo Century Corp. និង Dorchester Collection ។
ផ្ទៃក្រឡាខាងក្នុងរបស់សណ្ឋាគារមានទំហំសរុបប្រហែល២១.៤០០ម៉ែត្រការ៉េ ហើយអាចទទួលយកភ្ញៀវទៅទស្សនាទេសភាពបែប Panoramic នៃឆ្នេរសមុទ្រតូក្យូ និងភ្នំហ្វូជីផងដែរ។
លោក Junichi Yoshida ប្រធានក្រុមហ៊ុន Mitsubishi Estate បានមានប្រសាសន៍ឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៨ ខែវិច្ឆិកាកន្លងទៅថា យើងអាចផ្តល់នូវបទពិសោធន៍មួយថ្មី ដែលមិនដូចទៅនឹងសណ្ឋាគារដទៃ។
ទោះបីជាតម្លៃកន្លែងស្នាក់នៅមិនទាន់ត្រូវបានប្រកាសក៏ដោយ ប៉ុន្តែសណ្ឋាគារនេះទំនងជាស្ថិតក្នុងចំណោមសណ្ឋាគារ ដែលមានតម្លៃថ្លៃបំផុតក្នុងទីក្រុងតូក្យូ។
សណ្ឋាគារដែលដំណើរការដោយ Dorchester Collection បច្ចុប្បន្នស្ថិតក្នុងទីតាំងចំនួន៩នៅទូទាំងទីក្រុងចំនួន៥ រួមមាន ទីក្រុងឡុងដ៍ ប៉ារីស និងឡូសអេនជឺលេស ផងដែរ៕