តើកត្តាសំខាន់អ្វីខ្លះនឹងជំរុញឱ្យទីផ្សារអចលនទ្រព្យកម្ពុជាវិលត្រលប់ ទៅរកស្ថានភាពមុនវិបត្តិ

0

ដោយៈ សុផារី

ភ្នំពេញៈ ខណៈទីផ្សារអចលនទ្រព្យកម្ពុជា កំពុងតែវិលត្រលប់មកភាពល្អប្រសើរបណ្តើរៗហើយ អ្នកជំនាញលើកឡើងថា វិស័យមួយនេះពឹងផ្អែកលើកត្តាសំខាន់ៗចំនួនពីរ ដើម្បីស្តារឡើងវិញឱ្យដូចស្ថានភាពមុនវិបត្តិ។

លោក ឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានមានប្រសាសន៍ប្រាប់កាលពីពេលថ្មីៗនេះថា កត្តាសំខាន់ៗ ដែលជំរុញឱ្យទីផ្សារអចលនទ្រព្យ វិលត្រលប់ទៅស្ថានភាពមុនវិបត្តិកូវីដ១៩វិញ មានកត្តាផ្ទៃក្នុង និងកត្តាក្រៅ។

កត្តាខាងក្នុង អ្នកជំនាញរូបនេះលើកឡើងថា ដើម្បីទាក់ទាញវិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជា យើងត្រូវពិនិត្យមើលលើខ្លួនឯង រួមមាន ដំណើរការនៃក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ និងដើមទុននៃការដំណើរការអាជីវកម្ម។ បន្ថែមលើសនេះ ការសហការរវាងក្រុមហ៊ុននានា លើការធ្វើការរួមគ្នាជាសមាគម និងសហគមន៍ ដើម្បីទទួលបានប្រយោជន៍រួមគ្នា ក្នុងរយៈពេលវែង។

លោកបន្តថា “ម្យ៉ាងទៀត សមាគមអចលនទ្រព្យ គួរតែសហការស្នើដល់រដ្ឋាភិបាល ក្នុងការលើកទឹកចិត្តនិងជួយសម្របស្រួល ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា តាមរយៈការលើកទឹកចិត្ត និងអនុគ្រោះលើលក្ខខណ្ឌពិសេសណាមួយ”។

ឧទាហរណ៍ ការយកតំបន់ណាមួយសាកល្បង ផ្តល់ការលើកទឹកចិត្តពិសេសដល់ជនជាតិបរទេស លើការអនុញ្ញាតិឱ្យមានសិទ្ធិពិសេស សាកល្បងណាមួយ។

លោកឌិត ចណ្ណាបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវមើលលើការរៀបចំក្រុមហ៊ុនរបស់យើង លើលទ្ធភាព សមត្ថភាព ការបណ្តុះបណ្តាល ការរៀបចំរចនាសម្ព័ន្ធ និងដំណើរការនៃការធ្វើការក្នុងក្រុមហ៊ុន តើឆ្លើយតបនឹងទីផ្សារដែរឬទេ? យើងក៏ត្រូវមើលលើដើមទុនផងដែរ ក្នុងការពង្រីកខ្លួន និងការដំណើរការ ព្រោះទុនជាកត្តាកំណត់ចម្បងមួយ ក្នុងអាជីវកម្ម។

កត្តាខាងក្រៅ អ្នកជំនាញរូបនេះលើកឡើងថា សេដ្ឋកិច្ចជាសកលមានឥទ្ធិពលខ្លាំងណាស់ ដល់សេដ្ឋកិច្ចផ្ទៃក្នុងរបស់ប្រទេស ជាពិសេសកម្ពុជា មានភាពប្រទាក់ក្រឡាជាមួយវិនិយោគិនចិន សហរដ្ឋអាមេរិក ជប៉ុន ជាដើម។ យ៉ាងណាក្តី រហូតមកទល់ពេលនេះ ប្រទេសចិននៅមិនទាន់បន្ធូរបន្ថយស្ថានភាព នៅក្នុងប្រទេសរបស់ខ្លួននៅឡើយ ដែលជាហេតុធ្វើឱ្យមិនទាន់មានចរន្តលំហូរទុនវិនិយោគបរទេស មកកាន់ប្រទេសកម្ពុជាច្រើនដូចមុននៅឡើយទេ។

លោកឌិត ចណ្ណាបញ្ជាក់ប្រាប់ថា “ទីផ្សារសំខាន់ជាងគេរបស់យើងគឺចិន។ អចលនទ្រព្យរបស់យើង ស្ទុះដោយសារវិនិយោគិនចិន តែយើងក៏ត្រូវមើលទីផ្សាររបស់គេផងដែរ”។ លោកបន្តថា “ជារួមរហូតមកដល់ពេលឥលូវ ចិននៅតែប្រកាន់គោលការណ៍សូន្យកូវីដ និងនៅមិនទាន់បើកចំហរនៅឡើយ”។

យ៉ាងណាក្តី កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ មុនពេលចរន្តវិនិយោ​គិនត្រលប់មកវិញ នាពេលខាងមុខ។

ជាមួយគ្នានេះ លោក Lawrence Lennon អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ចំពោះកត្តាក្រៅ ក្នុងកំឡុងពេលដែលវិនិយោគិនចិន មិនអាចចូលមកកាន់ទីផ្សារអចលនទ្រព្យកម្ពុជា ទូលំទូលាយដូចមុនបាន ប្រទេសកម្ពុជាក៏បានធ្វើពិពិធកម្ម ដោយបង្វែរគោលដៅមួយផ្នែកទៅទាក់ទាញវិនិយោគិនអាស៊ានវិញ ជាអាទិ៍ វិនិយោគិនពីប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here