ប្រធានCVEAលើកឡើងពីកត្តាមួយចំនួនដែលធ្វើឲ្យសុខភាពក្នុងវិស័យអចលនទ្រព្យនៅតែរឹងមាំ

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិបត្តិកូវីត១៩ បានអូសបន្លាយ ដោយក្នុង​រយៈពេលមួយឆ្នាំចុងក្រោយនេះ អ្វីៗមានសភាពធូរស្រាល ព្រោះចំនួននៃអ្នកចាក់វ៉ាក់សាំងបានច្រើនរហូតដល់ ៩៩,៥៤% នៃប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​១៨ ឆ្នាំ​ឡើង​ទៅ។

ជាមួយនឹងវិស័យសេដ្ឋកិច្ចបានចាប់ផ្តើមងើបឡើងវិញ សកម្មភាពជាអាជីវកម្មនានាក៏មានភាពប្រសើរឡើង ពិសេសវិស័យអចលនទ្រព្យផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ​និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា​បានឱ្យ​ដឹងកាលពីពេលថ្មីៗនេះថា “ក្នុងរយៈពេលមួយរយៈចុងក្រោយ ការទិញលក់ដូរអចលនវត្ថុនៅតែបន្តកើតមានធម្មតា គ្រាន់តែចំនួនមានការថមថយ​ចុះខ្លះ ប៉ុន្តែសុខភាពក្នុងវិស័យនេះនៅតែរឹងមាំ និងមិនប្រឈមការដួលរលំ ដោយសារគោលនយោបាយលើកទឹកចិត្តពីរដ្ឋាភិ​បាល ការបន្តផ្តល់ប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានា និងវិនិយោគិនក្នុងស្រុកនៅតែបន្តវិនិយោគ។

លោកបន្តថា “សម្រាប់​អ្នកវិនិយោគបរទេស មានការថមថយ ដោយ​សារក្តី​បារម្ភពីបញ្ហា​សុខភាព និងសុវត្ថិភាព ដែលជះឥទ្ធិពលមកលើខ្លួនគាត់”។ លោកបន្តថា “ប៉ុន្តែអ្នកវិនិយោគិនមួយចំនួន នៅមានសហសេវិក និងក្រុមហ៊ុន​ដៃគូរបស់ខ្លួនក្នុង​ប្រទេស​ សម្រាប់​យកពត៍មាននិងធ្វើការស្រាវជ្រាវ​​ឱកាស​ក្នុង​ការ​​វិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា”។

លោក​បាន​មានប្រសាសន៍ថា “សម្រាប់​តម្លៃ​អចលនទ្រព្យមិនមានការថយចុះទេ តែចំនួននៃការទិញលក់ មានការថយចុះធៀបទៅនឹងឆ្នាំមុនៗ មុន​វិបត្តិកូវីដ​១៩បានកើតឡើង ដែលបង្ហាញជារួមថាប្រទេសកម្ពុជានៅតែមានភាពរឹងមាំ​ក្នុងវិស័យអចលនទ្រព្យ និងខឿនសេដ្ធកិច្ចជាតិ”។

លោកបាន​ប្រមើលមើល​ថា​ វិស័យអចលនទ្រព្យក្នុងឆ្នាំ២០២២នេះ មានភាពប្រសើរឡើងខ្លាំង បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយនៅឆ្នាំ២០២៣ខាងមុខ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ ការរៀបចំកីឡាស៊ីហ្គេម នឹងធ្វើឲ្យកម្ពុជាឈានឡើងមួយកម្រិតទៀត ហើយ​វិនិយោគិនបរទេសនឹងត្រលប់មកវិញបណ្តើរៗ។

លោកChin Binអគ្គនាយកក្រុមហ៊ុនRoad& Sea construction consultant Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកវិនិយោគនឹងត្រលប់មកកម្ពុជាវិញ នៅពេលឆាប់ៗខាងមុខ បន្ទាប់ពីពិធី​ចូលឆ្នាំប្រពៃណីជាតិចិនរួច ដោយពួកគេនឹងផ្តោតលើវិស័យសំខាន់ៗជាច្រើន​ដូចជា វិស័យឧស្សាហកម្ម កសិឧស្សាហកម្ម និងវិស័យអចលនទ្រព្យជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here