ធនាគារធំៗបំផុតរបស់ចិនព្រមព្រៀងជួយគាំទ្រផ្នែកឥណទានដ៏ច្រើន សន្ឋឹកសន្ឋាប់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ

0

ដោយៈ សុខុម

ប៉េកាំងៈ ធនាគារពាណិជ្ជធំៗបំផុតចំនួន៣របស់ប្រទេសចិន បានយល់ព្រមប្រមូលដើមទុន ដើម្បីជួយគាំទ្រដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរួមទាំងក្រុមហ៊ុនខ្នាតយក្ស Vankeផងដែរ ដើម្បីរួមចំណែកជួយស្ដារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងដាំក្បាលចុះខ្លាំងរបស់ប្រទេសនេះ។

នេះបង្ហាញពីចំណាត់ការចុងក្រោយបំផុតមួយ របស់បណ្ដាធនាគាររដ្ឋ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលសុំឱ្យជួយបន្ធូរបន្ថយសម្ពាធ លើបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជំពាក់បំណុលរុំកោះ និងស្ដារទីផ្សារលំនៅដ្ឋានដែលកំពុងដាំក្បាលចុះខ្លាំង។

វិស័យអចលនទ្រព្យពិតជាធំធេង និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ព្រោះវាគ្របដណ្ដប់រហូតដល់ ទៅប្រមាណ១ភាគ៤នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះ។

តួយ៉ាងធនាគារ Bank of Communications (BoCom) ទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ថា ខ្លួនបានយល់ព្រមផ្តល់ឥណទានអតិបរមារហូតដល់ ប្រមាណ១៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Vanke និង២,៨ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Midea Real Estate Holding។

កាលពីថ្ងៃពុធ ដដែលធនាគារ Agricultural Bank of China (AgBank) និយាយថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាយុទ្ធសាស្រ្ត ដើម្បីប្រមូលដើមទុន ជួយគាំទ្រដល់ក្រុមហ៊ុនអចលនទ្រព្យចំនួន៥ រួមមានក្រុមហ៊ុន Vanke ក្រុមហ៊ុន Longfor Group Holdings និងក្រុមហ៊ុន China Resources Land។ ទោះជាយ៉ាងណា ធនាគារនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីទំហំនៃការគាំទ្រនេះទេ។

ធនាគាររដ្ឋចិន Bank of China ក៏បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួនបានយល់ព្រមផ្តល់ឥណទាន អតិរមារហូតដល់ទៅប្រមាណ១៤ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Vanke។

Vanke គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំទី២ របស់ប្រទេសចិន បើគិតពីទំហំនៃការលក់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here