ដំណឹងល្អៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបង្ហើបពីចំណុចចេញដំណើរនៃផ្លូវល្បឿនលឿនភ្នំពេញ បាវិត

0

ដោយៈ សុផារី

ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត កំពុងតែត្រូវបានជជែកពិភាក្សា និងឈានទៅកាន់ការបើកការដ្ឋានការសាងសង់ តាមការគ្រោងទុក ដោយគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនចិន បានកំណត់ទីតាំងនៃចំណុចចាប់ផ្តើម នៃផ្លូវល្បឿនលឿនមួយនេះរួចរាល់ហើយ។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤ ខែវិច្ឆិកានេះថា ចំណុចចាប់ផ្តើមនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ត្រូវបានកំណត់រួចរាល់ហើយ ដោយចាប់ផ្តើមនៅលើបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៤ និង២៥ ហើយនឹងត្រូវឆ្លងកាត់ តាមរយៈស្ពានដ៏វែងមួយឆ្លងទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយម្ខាងទៀត។

ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ លោកអនុរដ្ឋលេខា​ធិការ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារនៃគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនចិនបាន និងកំពុងជជែកគ្នាលើបញ្ហាបច្ចេកទេស នៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ហើយគ្រោងនឹងដំណើរការតាមផែនការ ដែលបានត្រៀមទុក ប្រសិនបើមិនមានការប្រែប្រួលនោះទេ។

លោកបញ្ជាក់ថា “ក្រសួង និងក្រុមហ៊ុន កំពុងតែជជែកគ្នាលើបញ្ហាបច្ចេកទេស។ ជារួមគម្រោងត្រូវបានឯកភាពគ្នាហើយថានឹងមានការសាងសង់តាមការគ្រោងទុក”។ លោកបន្តថា “បើមិនមានអ្វីប្រែប្រួលទេ ដែលនឹងចាប់ផ្តើមយូរបំផុតមុន ឬក្រោយចូលឆ្នាំខ្មែរ យើងអាចរៀបចំពិធីបើកការដ្ឋា​នសាងសង់ ប្រសិនបើក្រុមការងារអន្តរក្រសួង និងក្រុមហ៊ុនបានជជែកគ្នាលើបញ្ហាបច្ចេកទេសរួចរាល់”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បានថ្លែងបញ្ជាក់ថា ផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ បាវិត នឹងបើកការរដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងការប្រើប្រាស់ថវិកាសាងសង់ចំនួន១.៦៣៨លានដុល្លារ។

ផ្លូវល្បឿនលឿននេះ មានប្រវែង១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា៥គីឡូម៉ែត្រ ផ្លូវនេះ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

ផ្លូវល្បឿនលឿននេះមានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងតទៅប្រទេសវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលកម្ពុជាកំពុងតែចាប់ផ្តើមពង្រីក ពី២គន្លង ទៅ៤គន្លង ពីក្រុងប៉ោយប៉ែត មកភ្នំពេញ និងតភ្ជាប់ពីភ្នំពេញទៅបាវិត តាមផ្លូវល្បឿនលឿនខ្សែទី២នេះ ដើម្បីធ្វើឱ្យទំនាក់ទំនងទំនិញ និងអ្នកដំណើរតាំងពីចិនរហូតដល់វៀតណាម អាចឆ្លងកាត់បាន។៕

LEAVE A REPLY

Please enter your comment!
Please enter your name here