ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ទីក្រុងរណបថ្មីមួយនឹងលេចឡើងក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនាពេលខាងមុខនេះ តាមរយៈការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនមកពីប្រទេសឥណ្ឌា ដែលគ្រោងបោះទុនរួមគ្នាអភិវឌ្ឍន៍ទីក្រុងរណបប្រកបដោយភាពស៊ីវិល័យមួយ លើទំហំដី២០០០ហិកតា។
ពីមុនតំបន់នេះធ្លាប់ជាតំបន់លិចទឹក និងជាវាលបឹងល្ហល្ហេវ ប៉ុន្តែតំបន់នេះបាននិងកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ដោយសារតំបន់នោះមានរោងចក្រជាង២០ ដែលបាននិងកំពុងដំណើរការ ស្របពេលក្រុមហ៊ុន SKYLAND Group បាននិងកំពុងរៀបចំរមណីយដ្ឋាន និងបុរី ព្រមទាំងខុនដូនៅតំបន់នោះនាពេលខាងមុខនេះ។
-->

លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន SKYLAND ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Jet Group បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកកំពុងស្វែងរកដៃគូបន្ថែម ដើម្បីអភិវឌ្ឍន៍តំបន់នេះ ជាទីក្រុងរណបលើផ្ទៃដី៥០០ហិកតាក្នុងជំហ៊ានតំបូង។លោកបន្តថា លោកបាននិងកំពុងរៀបចំតំបន់នេះជារមណីយដ្ឋានទេសចរណ៍លើផ្ទៃដី១០០ហិកតា ដោយគ្រោងបោះទុនទឹកប្រាក់ ១០០លានដុល្លារ ដើម្បីប្រែក្លាយតំបន់នេះជារមណីយដ្ឋានមួយដ៏ទាក់ទាញ ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ និងអ្នកទេសចរណ៍មកកំសាន្តនៅក្រុងភ្នំពេញនឹកឃើញតំបន់នេះមុនគេ។
លោកបន្តថា រមណីយដ្ឋាននេះបាននិងកំពុងរៀបចំជាជំហ៊ានតំបូង ដោយមានខ្ចូសអង្គុយញុំាអាហារ មានកន្លែងលេងទឹក កន្លែងជិះម៉ូតូទឹកជំហ៊ានតំបូង និងកំពុងទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីវិនិយោគលើគំរោងរមណីយដ្ឋាននេះដូចជាកន្លែងប្រណាំងសេះ កន្លែងប្រណាំងរថយន្ត ម៉ូតូ សួនទឹកកំសាន្តខ្នាតធំ និងសេវាកម្មកំសាន្តលក្ខណៈអន្តរជាតិដទៃទៀត។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ផ្ទះល្វែង ផ្ទះបែបអាជីវកម្ម ផ្សារបណ្តែតទឹកលើកតំបូងនៅកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។
ជាមួយគ្នានេះក្រុមហ៊ុន SKYLAND STAR5 Development Pvt, Ltd បាននិងកំពុងចាប់ផ្តើមសាងសង់ខុនដូទី១ ដែលមានកំពស់៩ជាន់នៅពេលឆាប់ៗខាងមុខនេះបន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុម័តយល់ព្រមចំពោះគំរោងនេះ។ លោកនឹងចាប់ផ្តើមសាងសង់ខុនដូទី១ ក្នុងចំណោមខុនដូចំនួន៣អាគារនៅក្នុងភូមិ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកឧកញ៉ាស្រី ចាន់ថនបានបន្តថា ខុនដូនេះត្រូវបានរចនាឡើងតាមបរិបទស្ថាបត្យកម្មកម្ពុជា បានរាំង ដែលមានលក្ខណៈទំនើប ស៊ីវិល័យ ពិសេសមានប្រព័ន្ឋខ្យល់ចេញចូលធម្មជាតិ និងមានបំពាក់សម្ភារៈបរិក្ខាទំនើប។ ខុនដូនេះ មានចំណតយានយន្ត និងផ្សារទំនើប នៅជាន់ទី១ និងចាប់ពីជាន់ទី២ដល់ជាន់ទី៩ជាលំនៅដ្ឋាន ដែលមានផ្ទះសរុបចំនួន២០០យូនីត។

លោកបានបន្តថា “មូលហេតុដែលក្រុមហ៊ុនជ្រើសរើសយកទីតាំងនេះ ដោយសារក្រុមហ៊ុនបាន និងកំពុងរៀបចំរមណីយដ្ឋានខ្នាតធំនៅតំបន់នេះ ដែលពេលអនាគតប្រជាពលរដ្ឋនឹងទៅកំសាន្តនៅតំបន់នោះ ពិសសតំបន់នោះមានភាពអំណោយផលសំរាប់វិស័យទេសចរណ៍។ លោកបន្តថា “ដោយសារទីក្រុងរបស់យើងកាន់តែមានសភាពចង្អៀត និងការធ្វើដំណើរទៅតំបន់នេះចំណាយពេលត្រឹម៣៥នាទី ក្នុងពេលមិនទាន់មានស្ពានផង ដូច្នេះលោកគិតថា តំបន់នេះនឹងមានភាពទាក់ទាញនាពេលអនាគត។
លោកបន្តថា ការសិក្សាទីផ្សារបានរកឃើញថា ទីផ្សារខុនដូនិងតំលៃខុនដូដាក់ចេញគឺអាចទទួលយកបាន ព្រោះខុនដូនេះលក់ក្នុងតំលៃ៧០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ និងមានលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ដោយអតិថិជនគ្រាន់តែចំណាយប្រាក់ក្នុងមួយខែពី៣០០ ទៅ៤០០ដុល្លារអាចទិញខុនដូរស់នៅ និងសំរាប់លំហែរចុងសប្តាហ៍បាន។
ខុនដូនេះមានបីប្រភេទគឺប្រភេទស្ទីឌីយោមានទំហំ៣០ម៉ែត្រការ៉េ បន្ទប់គេង១មានទំហំ៤៥ទៅ៥០ម៉ែត្រការ៉េ និងបន្ទប់គេង២ដែលមានទំហំ៦០ម៉ែត្រការ៉េ។
លោកឧកញ៉ាស្រី ចាន់ថនបានបន្តថា ក្រៅពីគំរោងសាងសង់ខុនដូនេះ ក្រុមហ៊ុនទាំងពីរនឹងចាប់ផ្តើមសាងសង់វីឡាចំនួន២៤៨វីឡានៅតំបន់នេះ នៅលើផ្ទៃដី១០ហិកតា។ គំរោងវីឡានេះនឹងរៀបចំប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋទំនើប ដោយបង្កប់ខ្សែភ្លើងក្រោមដី មានផ្លូវធំទូលាយ មានតំបន់សាធារណៈសម្រាប់អ្នករស់នៅក្នុងគំរោងនេះអាចរៀបចំពិធីជប់លៀង ឬអាពាហ៍ពិពាហ៍។លោកបន្តថា លើសពីនេះគំរោងវីឡាប្រណីតនេះ នឹងរៀបចំប្រព័ន្ឋចម្រោះទឹកកខ្វក់ចេញពីលំនៅដ្ឋានប្រជាពលរដ្ឋមុនបង្ហូរចូលទៅក្នុងទន្លេ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។
គំរោងខុនដូរបស់យើងគ្រោងចំណាយទុនវិនិយោគ៣០លានដុល្លារ និងគំរោងវីឡាគ្រោងចំណាយទុនវិនិយោគរហូតដល់៦០លានដុល្លារអាមេរិក។ នេះតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី ចាន់ថន។
អគ្គនាយកក្រុមហ៊ុន STAR5 development Pvt, Ltd លោក C.Kiran Kumar Reddy ដែលជាដៃគូវិនិយោគជាមួយក្រុមហ៊ុន SKYLAND បានថ្លែងថា ការសម្រេចចិត្តវិនិយោគនៅទីតាំងដែលឆ្ងាយពីរាជធានីភ្នំពេញ គឺជាសំណួរដែលមិត្តភ័ក្រលោកជាច្រើនបានសួរសំណួរនេះ ប៉ុន្តែលោកមើលឃើញថាទីក្រុងភ្នំពេញកាន់តែមានសភាពចង្អៀត តំលៃដីធ្លីបានឡើងថ្លៃខ្ពស់រួចទៅហើយ ហើយគំរោងភាគច្រើនបានផ្តោតលើអតិថិជនជាអ្នកលំដាប់ខ្ពស់ ប៉ុន្តែតំបន់វិហារសួគ៌គីជាតំបន់ដែលមានភាពទាក់ទាញនាពេលអនាគត។ បន្ទាប់ពីរយៈពេល៧ឆ្នាំក្រោយទីក្រុងភ្នំពេញនឹងកាន់តែចង្អៀត ប្រជាជននឹងស្វែងរកទីតាំងថ្មីៗ នៅជាយក្រុងដូចជាតំបន់វិហារសួគ៌ដែលនៅកៀកនឹងរាជធានី ហើយជាតំបន់ដែលមានភាពអំណោយផលខាងភូមិសាស្ត្រ និងបរិស្ថាន។
លោកបន្តថា “គំរោងនេះយើងផ្តល់ឲ្យប្រជាជនគ្រប់កម្រិត រាប់ទាំងអ្នកក្រីក្រ អាចមានលទ្ឋភាពទិញបាន ដោយអ្នកក្រអាចទិញខុនដូប្រភេទស្ទីឌីយោ អ្នកមានចំណូលមធ្យមអាចទិញផ្ទះមានពីរបន្ទប់ឬមួយបន្ទប់គេង ឯអ្នកមានធនធានច្រើនអាចទិញវីឡា។លោកបន្តថា “យើងនឹងវិនិយោគនៅទីនេះមួយជំហ៊ានម្តងៗ ហើយវីឡារបស់យើងមានមានសួនច្បារ មានអាងទឹក មានកន្លែងលេងកីឡា និងកន្លែងរៀបចំកម្មវិធីនានា ពិសេសយើងនឹងផ្តល់នូវប្រព័ន្ឋចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទន្លេ ព្រោះគំរោងរបស់យើងគឺទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។
មេឃុំវិហារសួគ៌បានថ្លែងឲ្យដឹងផងដែរថា ប្រសិនជាក្រុមហ៊ុនធ្វើផ្ទះឬខុនដូលក់នៅតំបន់នេះ អ្នកមូលដ្ឋានមិនច្រើនទេមានលទ្ឋភាពទិញគំរោងទាំងនេះ គឺអ្នកមកពីក្រៅអាចមកទិញច្រើន តែអាជ្ញាធរមូលដ្ឋានស្វាគមន៍គំរោងអភិវឌ្ឍន៍បែបនេះ ព្រោះវានឹងធ្វើឲ្យតំបន់នេះ កាន់តែមានភាពរីកចំរើននាពេលអនាគត។លោកបន្តថា ប្រសិនជារដ្ឋាភិបាល សាងសង់ស្ពានមកកាន់តំបន់អរិយក្សត្រ និងតំបន់ស្វាយជ្រុំ តំបន់នេះនឹងមានការរីកចំរើនកាន់តែឆាប់រហ័ស ខណៈជីវភាពប្រជាពលរដ្ឋនៅតំបន់នេះមិនទាន់ធូរធារខ្លាំងនោះទេ គឺពួកគេមានជីវភាពមធ្យមភាគច្រើន។
លោកបន្តថា ភូមិសាស្ត្រតំបន់នេះពីមុនមកជាដីលិចទឹកច្រើន ប៉ុន្តែពេលនេះតំបន់លិចទឹកត្រូវបង្រួមនៅសល់តិច ដោយសារក្រុមហ៊ុនចាក់ដីដើម្បីសាងសង់រោងចក្រ និងអភិវឌ្ឍន៍ផ្សេងៗ ក្នុងឃុំដែលមានដីធំជាងគេនៅក្នុងស្រុកខ្សាច់កណ្តាល ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅជាង១៥០០០នាក់។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានសម្តែងការសាទរចំពោះគំរោងទីក្រុងរណបថ្មីនេះ ដោយលោកថ្លែងថា អ្វីៗវាអាស្រ័យលើផែនការ និងថវិកាដែលក្រុមហ៊ុនមានសម្រាប់អភិវឌ្ឍន៍ ប៉ុន្តែតំបន់នេះហាក់មិនទាន់ដល់ពេលសម្រាប់សាងសង់វីឡា និងខុនដូនៅឡើយទេ បើទោះជាតំបន់នេះមានសក្តានុពលខ្លាំងក៏ដោយ ប៉ុន្តែត្រូវរង់ចាំរយៈពេល១០ឆ្នាំក្រោយ។លោកបន្តថា គំរោងខ្លះគ្រាន់តែប្រកាសក្តុងក្ឌាំង ដើម្បីទាក់ទាញចំណាប់អារម្មណ៍និងលក់ដី ប៉ុន្តែគំរោងជាក់ស្តែងបានដើរទៅមុខយឺតៗ មិនឆ្លើយតបនឹងគោលដៅគំរោងជាក់ស្តែង។
លោកបន្តថា “តំបន់វិហារសួគ៌ ជាតំបន់មានសក្តានុពលភាព ដែលនឹងមានការរីកចំរើននាពេលអនាគត តែបើគំរោងខុនដូនិងវីឡាធ្វើភ្លាមៗហាក់បីដូចជាមិនទាន់ដល់ពេលនៅឡើយ។លោកបន្តថា “អ្នកវិនិយោគគួរចាប់ផ្តើមគំរោងធ្វើលំនៅដ្ឋានក្នុងតំលៃ១ម៉ឺនដុល្លារ សម្រាប់កម្មករប្រហែលជាអាចទាក់ទាញចំណាប់អារម្មណ៍ច្រើន និងការពុះដីឡូត៍លក់ជាការល្អប្រសើរ មុនចាប់ផ្តើមសាងសង់ខុនដូ ព្រោះទីផ្សារខុនដូនៅតំបន់ខាងលើមានទីផ្សារតូចនៅឡើយ”៕