អ្នកជំនាញបង្ហើបទីតាំងសក្តានុពលខ្ពស់លើការវិនិយោគដីធ្លីសម្រាប់អចលនទ្រព្យទេសចរណ៍

0

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជា មានសក្តានុពលលើតំបន់ទេសចរណ៍ធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្តពាសពេញផ្ទៃប្រទេស ដែលទីផ្សារដ៏សម្បូរបែបនេះ ក៏ជំរុញឱ្យមានការអភិវឌ្ឍលើទីផ្សារអចលនទ្រព្យដូចគ្នា។

អ្នកជំនាញបានបង្ហើបទីតាំងសក្តានុពល សម្រាប់អ្នកមានដើមទុន និងមានបំណងចង់វិនិយោគដីធ្លី ដើម្បីទទួលបានផលចំណេញខ្ពស់នាពេលអនាគត។

លោក គង់ វិសា អ្នកជំនាញអចលនទ្រព្យមួយរូប បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា តំបន់ដែលមានសក្តានុពលសម្រាប់ការវិនិយោគ លើប្រភេទអចលនទ្រព្យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើន ហើយតំបន់នីមួយៗមានសក្តានុពល ក៏ខុសៗគ្នាផងដែរ។

អ្នកជំនាញរូបនេះបញ្ជាក់ថា “សម្រាប់អ្នកដែលមានគម្រោងទិញដីទុកចំណេញនៅក្នុងខេត្តមាត់សមុទ្រ គឺមិនសូវផ្តល់ផលចំណេញខ្ពស់ឡើង”។ លោកបន្តថា “ដីធ្លីនៅក្នុងបណ្ដាខេត្តជាប់មាត់សមុទ្រ គឺមានតម្លៃហើមខ្ពស់ខ្លាំង ដែលមិនអាចផ្តល់ផលចំណេញខ្ពស់ ដល់អ្នកវិនិយោគដីធ្លីនោះទេ ប៉ុន្តែសម្រាប់អ្នកដែលមានគម្រោងវិនិយោគ លើការអភិវឌ្ឍជាប្រភេទអចលនទ្រព្យទេសចរណ៍កែច្នៃនានា នឹងទទួលបានផលល្អប្រសើរ”។

លោកបញ្ជាក់ថា “អ្នកដែលទិញដីធ្លីជាប់មាត់សមុទ្រ ភាគច្រើនជាអ្នកមានគម្រោងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ ជារីសត សណ្ឋាគារ ឬគម្រោងធំៗ។ តែបើទិញ រំពឹងទុកចំណេញគឺយឺតណាស់”។

យោងតាមអ្នកជំនាញរូបនេះ លោកសម្លឹងមើលសក្តានុពលនៃខេត្តភាគខាងជើង និងខាងកើត នៃប្រទេសកម្ពុជា ដើម្បីវិនិយោគលើវិស័យដីធ្លីអចលនទ្រព្យប្រភេទនេះ។ សម្រាប់អ្នកវិនិយោគដែលមានទុនច្រើន អ្នកជំនាញរូបនេះបានណែនាំថា ខេត្តមាត់សមុទ្រ ចំនួនបី រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប គួរត្រូវបានសម្លឹងមើល និងពិចារណាសម្រាប់ការវិនិយោគបាន។

យ៉ាងណាក្តី សម្រាប់អ្នកមានដើមទុនមធ្យម អ្នកវិនិយោគអាច សម្លឹងមើលលើខេត្តសៀមរាប បាត់ដំបង មណ្ឌលគីរី រតនគីរី ដោយតំបន់ទាំងនេះជាតំបន់ ដែលមានដីធ្លីនៅធំទូលាយល្អ និងមានតម្លៃសមរម្យនៅឡើយ។ ជាពិសេសតំបន់ទាំងនេះមានសក្តានុពលទេសចរណ៍ធម្មជាតិជាជម្រើសច្រើនទៀតផង។

លោកបន្តថា “នៅក្នុងខេត្តភាគខាងជើង និងខាងកើតក៏ផ្តោតលើទេសចរណ៍ដូចគ្នា។ នៅថ្ងៃអនាគតប្រទេសកម្ពុជាយើង វិស័យទេសចរណ៍នឹងរីកចម្រើនខ្លាំង។ ដីធ្លីនៅក្នុងតំបន់ខាងលើ មានឱកាសច្រើនក្នុងការទិញយកចំណេញ”។

ជាមួយគ្នានេះ លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ដីធ្លីនៅក្នុងខេត្តភាគខាងកើតនៃប្រទេសជាឱកាសវិនិយោគថ្មីមួយ ហើយនឹងផ្តល់នូវផលចំណេញខ្ពស់ សម្រាប់គម្រោងអចលនទ្រព្យទេសចរណ៍។

លោនបន្តថា “ដីធ្លីនៅក្នុងខេត្តមណ្ឌលគិរី មានតម្លៃសមរម្យច្រើនណាស់ បើប្រៀបធៀបនឹងខេត្តផ្សេងទៀត ជាពិសេសមានទំហំធំៗ ស័ក្តិសមសម្រាប់ការអភិវឌ្ឍប្រភេទរីសត បាំងកាឡូ ផ្ទះសំណាក់ជាដើម ហើយខេត្តទាំងនោះមានសក្តានុពលពីធម្មជាតិស្រាប់ មានភ្នំ មានទឹក និងទេសភាពស្រស់ស្អាតណាស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here