គម្រោងវិនិយោគចំនួន៦មានតម្លៃជាង២៥៦លានដុល្លារអាមេរិកត្រូវបានអនុម័តឱ្យដំណើរការ

0

ដោយ៖ សុផារី

ភ្នំពេញ៖ គម្រោងវិនិយោគធំៗចំនួន៦ ដែលមានតម្លៃទុនវិនិយោគជាង២៥៥,៦លានដុល្លាអាមេរិក ត្រូវបានអនុម័តឱ្យដំណើរការ ដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចផ្តល់ការងារបានចំនួន៤.៥៥៤កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD” គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១៦៨លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន៩៥៥កន្លែង។

២-“GREEN VISION RISING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood) ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្រឡៅ និងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ៤៤,២លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន១.៤១៤កន្លែង។

៣-“TELEMOBILE (CAMBODIA) CORPORATION (T.C.C)” គម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ២៧,៥លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន១០៦កន្លែង។

៤-“ZHUO KANG SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,៦លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន២.១៤៩កន្លែង។

៥-“FANMAR AUTO PART (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន១២៧កន្លែង។

៦- “YANLING ACCESSORIES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លាអាមេរិក និងអាចបង្កើតការងារបានចំនួន២០៣កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here