ក្រុមហ៊ុនចិនមួយបោះទុនវិនិយោគ១៦៨លានដុល្លារអាមេរិកសាងសង់សណ្ឋាគារផ្កាយ៥មួយនៅក្នុងក្រុងព្រះសីហនុ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយបានបោះទុនវិនិយោគជាង១៦៨លានដុល្លារអាមេរិក លើគម្រោងសាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ នៅក្នុងខេត្តព្រះសីហនុ ក្រោយខេត្តជាប់មាត់សមុទ្រដ៏សំខាន់មួយនេះទទួលបានកំណើនភ្ញៀវទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលប៉ុន្មាខែចុងក្រោយនេះ។

ក្រុមហ៊ុនសញ្ជាតិចិន “HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD” បានទទួលការអនុញ្ញាតិ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា លើគម្រោងវិនិយោគសាងសង់ និងប្រកបអាជីវកម្ម សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងវិនិយោគដ៏ធំសម្បើមនេះ នឹងបន្ថែមការផ្គត់ផ្គង់ដល់ទីផ្សារសណ្ឋាគារចំនួន៩៥៧បន្ទប់ ដោយត្រូវបានបោះទុនវិនិយោគចំនួន១៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៥៥កន្លែង។

បើយោងតាមទិន្នន័យរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងខេត្ត​ព្រះសីហនុ ​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន១៩៩​ក្រុមហ៊ុន។ ក្នុងនោះ ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​មាន​ចំនួន៨៤​ក្រុមហ៊ុន និង​វិនិយោគ​ខ្នាត​ធំ (​អភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល​វែង​) តាម​បណ្តា​កោះឆ្នេរ មាន៣៣​ក្រុមហ៊ុន គិត​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ខែតុលា ឆ្នាំ​២០២២។

របាយការណ៍ចក្ខុវិស័យរបស់ក្រុមហ៊ុន Knight Frank ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងវិបត្តិក្តី ក្រសួងទេសចរណ៍កម្ពុជា បានព្យាករណ៍ថា ជនជាតិបរទេសប្រមាណ២លាននាក់នឹងមកទស្សនាប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ។

របាយកាណ៍នេះបានឱ្យដឹងទៀតថា ចាប់តាំងពីប្រទេសបើកដំណើរការឡើងវិញ ទីផ្សារសណ្ឋាគារ និងបដិសណ្ឋារកិច្ចបានមើលឃើញពីការងើបឡើងវិញយឺត ក្នុងរយៈពេលខ្លី។

របាយការណ៍ដដែលឱ្យដឹងទៀតថា ដើម្បីងើបឡើងវិញពេញលេញនិងដំណើរការ ដូចកម្រិតដូចវិបត្តិ ប្រទេសកម្ពុជាអាចត្រូវចំណាយពេលច្រើនឆ្នាំ ឬយូរជាងនេះ អាស្រ័យលើសកលលោក និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here