ក្រុមហ៊ុន BYD បណ្ដាក់ទុនវិនិយោគការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី២០០ទីតាំងនៅកម្ពុជាត្រឹមឆ្នាំ២០២៣

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន BYD Auto Industry បានសម្រេចបណ្ដាក់ទុនវិនិយោគដ៏សន្ធឹកសន្ធាប់លើវិស័យយានយន្តអគ្គិសនី ដោយការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ប្រមាណ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍នានាដូចមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ចេញរួមគ្នានូវ ផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន៤ស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

លោក Henry Yip តំណាងក្រុមហ៊ុន BYD បានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ2022 ដល់ឆ្នាំ2023 (Green New Energy and Green Plan of 2022-2023)។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។

លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការ។

លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដូចមានការបញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ឱ្យមានការកើនឡើងកាន់តែច្រើន។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានឯកភាពឱ្យមានការចុះ MoU រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជាឱ្យទៅសិក្សាវគ្គសិក្សាខ្លីៗនៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ដូចដែលក្រសួងកំពុងអនុវត្តជាមួយក្រុមហ៊ុន Ford ផងដែរ។ តាមរយៈកិច្ចប្រជុំនេះ លោកស្នើឱ្យក្រុមហ៊ុនពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here