អ្នកអភិវឌ្ឍន៍គួរយកចិត្តទុកដាក់លើការសាងសង់សំណង់បៃតង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍសំណង់បៃតងនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានកម្រិតតិចតួចនៅឡើយ និងទាមទារឱ្យមានការយកចិត្តទុកដាក់និងចាប់ផ្ដើមគិតគូរពីសំណង់បៃតងឱ្យបានច្រើនដើម្បីសន្សំសំចៃថាមពលនិងការពារបរិស្ថាន ។

លោក ហាក់ទ្រី ទេវាយុធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន Golden Tree បានមានប្រសាសន៍ថាអ្នកអភិវឌ្ឍន៍សំណង់នៅក្នុងប្រទេសកម្ពុជាគួរតែចាប់ផ្ដើម និងគិតគូរពីការសាងសង់សំណង់បៃតង ខណៈប្រទេសជាច្រើននៅលើពិភពលោកបានគិតគូររួចហើយ និងផ្ដល់តម្លៃដល់ការសាងសង់អគារបៃតងនៅក្នុងប្រទេសរបស់គេ។

លោកបន្តថា អគារបៃតងមិនមែនសំដៅលើអគារដាំដើមឈើឱ្យទៅជាពណ៌បៃតងនោះទេ តែជាអគារដែលគិតគូរដល់បរិស្ថានរាប់ចាប់តាំងពីការសាងសង់រហូតដល់អគារនោះសង់រួចរាល់និងដំណើរការ ។ តាមបទពិសោធន៍ដែលមាន អគារបៃតងនៅក្នុងប្រទេសកម្ពុជាយើងឃើញថាបានជួយកាត់បន្ថយដល់ការប្រើប្រាស់ថាមពល ទឹក  នៅក្នុងអគារទាំងមូលដែលជាការសន្សំសំចៃដ៏ធំមួយនិងជួយដល់បរិស្ថានរបស់យើងផងដែរ ។

លោកបន្ថែមថា តាមរយៈបទពិសោធន៍អគារវីត្រាស់ដែលយើងបានគ្រប់គ្រងនិងជាអគារបៃតងឃើញថាអគារនេះ បានជួយកាត់បន្ថយថាមពលប្រមាណជាង២០ភាគរយនិងសន្សំការប្រើប្រាស់ទឹករហូតដល់ជាង៥០ភាគរយ ដូច្នេះបើសិនជាកម្ពុជាមានការសាងសង់អគារបៃតងកាន់តែច្រើននោះ យើងនឹងអាចសន្សំសំចៃបានច្រើនណាស់ ។

លោក ស៊ីម បូវិសាល ទីប្រឹក្សាសមាគមអ្នកផ្ដល់ប្រឹក្សាសំណង់អគារបៃតងកម្ពុជា ក៏បានលើកឡើងផងដែរ ការសាងសង់អគារបៃតងតាមទៅគឺមានការចំណាយច្រើនជាងការសាងសង់អគារធម្មតា ប៉ុន្តែគុណសម្បត្តិនៃអគារបៃតងគឺមានច្រើនលើសលប់ ហើយម្ចាស់អគារនឹងទទួលបានផលចំណេញខ្ពស់ពីប្រតិបត្តិការនៅក្នុងអគារ។ អ្វីដែលពិសេសនោះ គឺអ្នកធ្វើការនៅក្នុងអគារនោះទទួលបានផាសុខភាព ការរស់នៅប្រកបដោយសុខភាពល្អ។

លោកបានជំរុញឱ្យវិនិយោគិន ឬអ្នកសាងសង់អគារក្រោយៗគួរងាក និងគិតគូរឱ្យបានច្រើនលើសំណង់អគារបៃតង ខណៈប្រទេសជិតខាង ក៏ដូចជាប្រទេសនៅលើពិភពលោកនេះ បានគិតគូរយូរមកហើយពីបញ្ហានេះ ក្នុងពេលកម្ពុជាមានសំណង់អគារបៃតងតិចតួចបំផុត ធៀបនឹងប្រទេសជិតខាង។

របាយការណ៍របស់ UNDP បានឱ្យដឹងថាវិស័យសំណង់នៅកម្ពុជា បានប្រើប្រាស់ថាមពលច្រើនជាងគេធៀបនឹងវិស័យផ្សេងៗ ដែលមានរហូតដល់ជិតពាក់កណ្ដាល នៃការប្រើប្រាស់ថាមពលសរុបក្នុងប្រទេសទៅហើយ។ ការរីកចម្រើននៃវិស័យសំណង់កាលពីមុនកូវីដ១៩ បានធ្វើឱ្យកម្ពុជាជួបវិបត្តិនឹងកង្វះថាមពល និងបានធ្វើឱ្យអាជ្ញាធរអគ្គិសនី ត្រូវកាត់ផ្ដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here