លោកស៊ុន ចាន់ថុលៈក្រុមហ៊ុន៤ដាក់ពាក្យស្នើសុំសិក្សាផ្លូវល្បឿនលឿនភ្នំពេញ ទៅកាន់ខេត្តសៀមរាប

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះ

មានក្រុមហ៊ុន៤ បានដាក់ពាក្យស្នើសុំសិក្សាផ្លូវល្បឿនលឿនថ្មីមួយទៀត គឺផ្លូវល្បឿនលឿនចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា មានក្រុមហ៊ុន៤ បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ដូច្នេះវាជាសញ្ញាវិជ្ជមាន និងជឿជាក់ថានៅថ្ងៃអនាគត យើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបមួយទៀត។

លោកបន្តថា “បើសិនជាគេមិនជឿជាក់លើរដ្ឋាភិបាល នោះគេនឹងមិនដាក់ពាក្យស្នើសុំយើង ដើម្បីសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាបនេះទេ ដែលការវិនិយោគលើផ្លូវល្បឿនលឿនគឺជាការវិនិយោគធំ ”។

លោកស៊ុន ចាន់ថុលបានបន្តថា យើងគ្រាន់តែដឹងថាមានក្រុមហ៊ុន៤ បានស្នើមកក្រសួង ដើម្បីសិក្សាលើផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ុន្តែលទ្ធផលយ៉ាងណានោះ យើងមិនទាន់ទទួលបានជាផ្លូវការនៅឡើយទេ ហើ​យការស្នើរបស់ក្រុមហ៊ុនទាំងនោះ គឺជាសញ្ញាល្អសម្រាប់កម្ពុជា ដែលអាចឱ្យដឹងថា នៅថ្ងៃខាងមុខយើងនឹងមានផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តសៀម​រាប ។

បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានដាក់ដំណើរការរួចហើយ ដែលផ្លូវល្បឿនលឿននេះ បានជួយដល់សេដ្ឋកិច្ចកម្ពុជាច្រើន ជាពិសេសនឹងជំរុញកំណើនចលនាទេសចរ ក្នុងស្រុកនិងអន្តរជាតិ ។ ក្រៅពីផ្លូវល្បឿនលឿនមួយនេះ កម្ពុជាក៏គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដែលគ្រោងចំណាយទឹកប្រាក់ជិត១,៧ពាន់លានដុល្លារអាមេរិក ហើយគម្រោងនេះដែរក៏បាននិងជំរុញ ចលនានៃការទិញលក់ដីធ្លីនៅខេត្តពីរ ប៉ែកខាងកើតរាជធានីភ្នំពេញ ។

សម្រាប់ការសិក្សាលើការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ សៀម​រាប គឺដូចនឹងអ្វីដែលរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ខេត្តមួយនេះផងដែរ ដូចជាផ្លូវជិត៤០ខ្សែ បានសាងសង់រួចនិងកំពុងបន្តសាងសង់ផ្លូវថ្មីៗ ព្រលានយន្តហោះអន្តរជាតិថ្មី និងការជំរុញការអភិវឌ្ឍទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងឆ្លាតវៃជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here