ប្រទេសកម្ពុជាទាក់ទាញភ្ញៀវទេសចរបានជាង៣៥០.០០០នាក់ ក្នុងសប្តាហ៍ទី៤នៃខែវិច្ឆិកានេះ

0

ដោយ: លាងហួរ

ភ្នំពេញ: ខណៈខែវិច្ឆិកាជិតកន្លងផុតទៅ ក្រសួង​ទេសចរណ៍​កម្ពុជាបាន​កត់ត្រា​ចំនួនភ្ញៀវ​ទេសចរជាតិ អន្តរជាតិ ធ្វើដំណើរកំសាន្ត នៅ​ទូទាំង​ប្រទេស​បាន​ជាង៣៦៩.៤០៤​នាក់ នៅក្នុងសប្តាហ៍ទី៤នៃខែវិច្ឆិកានេះ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថា ក្នុងចំណោមភ្ញៀវទេសចរណ៍សរុប មានភ្ញៀវទេសចរចំនួន៣៣៤.១៤៣នាក់ជាជនជាតិខ្មែរ និងភ្ញៀវទេសចរចំនួន៣៥.២៦១នាក់ បន្ថែមទៀតជាជនបរទេស។

ខេត្តគោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុ ដែលមានភ្ញៀវទេសចរចំនួន១៨១.៥៣៩នាក់ ខេត្តសៀមរាបមានចំនួន៣២.៥១៥នាក់ រាជធានី​ភ្នំពេញ​មានចំនួន២៧.៣០១ នាក់ និងខេត្តកំពត​ដែល​បាន​កត់ត្រា ​ភ្ញៀវទេសចរចំនួន២៣.៣៤០នាក់ ខេត្ត​កែបមានចំនួន២០.៧២៧នាក់ ខេត្តបាត់ដំបង​មានចំនួន១២.៣២៩នាក់។ ចំណែកឯខេត្តកំពង់ចាម ​បានកត់ត្រាភ្ញៀវទេសចរចំនួន ១១.០៣៦នាក់។

តួលេខនេះគឺកើនឡើង៦,២៤ភាគរយ ធៀបនឹងសប្តាហ៍មុន ដែលកាលពីសប្តាហ៍មុន ដែលមានភ្ញៀវទេសចរសរុបមានចំនួន ៣៤៧.៧០១នាក់។

ខេត្តព្រះសីហនុ នៅតែបន្តទទួលបានភ្ញៀវទេសចរយ៉ាងច្រើន កាលពីសប្តាហ៍មុន ដោយសារមានព្រឹត្តិការណ៍ធំៗចំនួន២គឺ ការប្រគំតន្ត្រី និងការតាំងពិពណ៌រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២២ដល់ទី២៧ខែវិច្ឆិកា និងការប្រកួតជិះស្គីរយៈពេល៤ថ្ងៃ នៅឆ្នរអូរឈើទាលចាប់ពីថ្ងៃទី២៤ ដល់ទី២៧ខែវិច្ឆិកា។

រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១១ ខែធ្នូ ហើយកម្មវិធីនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញលំហូរ​ភ្ញៀវ​ទេសចរ​ជាច្រើន​បន្ថែមទៀត​ចូលមកក្នុងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here