តម្លៃអចលនទ្រព្យមិនទាន់មានសញ្ញាងើបឡើងវិញនៅឡើយនៅ ចុងឆ្នាំ២០២២នេះ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គិតមកដល់ចុងខែវិច្ឆិកាឆ្នាំ២០២២នេះ តម្លៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមិនទាន់មានសញ្ញាងើបឡើងវិញនៅឡើយ ទាំងដីធ្លី និងលំនៅឋាន។

ការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនេះដែរ ក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគក្នុងការទិញ ដើម្បីទទួលបានប្រាក់ចំណេញនៅពេលអនាគ។

តម្លៃដីធ្លីនៅតាមបណ្ដាខេត្ត និងទីក្រុងភ្នំពេញឃើញថា មិនទាន់បានងើបឡើងល្អប្រសើរ ដូចកាលមុនកូវីដ១៩នៅឡើយទេ មកដលចុងឆ្នាំ ២០២២នេះ ក្នុងនោះលំនៅឋាននៅតាមបុរីនានា ក៏មិនអាចឡើងថ្លៃតាមការសន្យារបស់អ្នកអភិវឌ្ឍន៍លំនៅឋានបានដែរ ។

បើតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ទីផ្សារលំនៅឋាន ដែលមានលក្ខណៈជាបុរី មានតម្លៃជាធម្យម៩០០ដុល្លារទៅ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះមានការថមថយប្រមាណ០,៤ ទៅ៤ភាគរយ បើធៀបនឹងដើមឆ្នាំ២០២០ ពោលគឺគ្រាដែលមានវិបត្តិកូវីដ១៩ដំបូង ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើងថា ស្ថានភាព ទីផ្សារនៃវិស័យអចលនទ្រព្យក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភាពប្រសើរ ដូចមុនកូវីដ១៩នៅឡើយពីព្រោះតែវិស័យនេះ ពឹងផ្អែកលើការវិនិយោគក្រៅប្រទេស ហើយក្នុងអំឡុងពេលនេះ ជនបរទេសនៅតែមិនទាន់បានចូលមកកម្ពុជាច្រើន ដើម្បីស្វែងរកការវិនិយោគនៅឡើយទេ ។

អ្នកនាងបន្តថា “បើសិនជាមានលំហូរវិនិយោគពីបរទេស ចូលមកច្រើននោះ កំណើននៃវិស័យអចលនទ្រព្យ នឹងអាចកើនឡើងហើយតម្លៃនិងហាងឆេងអចលនទ្រព្យនឹងស្ទុះងើបឡើងវិញ”។ អ្នកនាងបន្ថែមថា “ប៉ុន្តែយ៉ាងក្ដីការវិនិយោគពីវិនិយោគិនក្នុងស្រុក ក៏បានជួយដល់វិស័យអចលនទ្រព្យមិនឱ្យធ្លាក់ចុះខ្លាំង”។

តាមភ្នាក់ងារអចលនទ្រព្យតាមបណ្ដាខេត្ត មួយចំនួនបានឱ្យដឹងផងដែរ មកដល់ពេលនេះតម្លៃអចលនទ្រព្យ នៅតែមិនទាន់មានភាពប្រសើរឡើយ តែផ្ទុយទៅវិញអចលនទ្រព្យខ្លះ ដូចជា ដីធ្លីរបស់ពលរដ្ឋបានដាក់ក្នុងតម្លៃទាបជាទីផ្សារទៀត។ អ្វីដែលពិសេសនោះ គឺមិនមានអ្នកទិញទៅទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here