ភ្នំពេញ៖ ស្របពេលការប្រកួតប្រជែងគ្នា ក្នុងវិស័យអចលនទ្រព្យកំពុងមានការកើនទ្បើង ការទិញម៉ាកឬហ្វ្រេនឆាយស៍ពីក្រុមហ៊ុនអន្តរជាតិណាមួយ យកមកប្រតិបត្តិការនៅកម្ពុជាកាន់តែមានភាពពេញនិយមនៅក្នុងទីផ្សារ ដែលមានការរីកចំរើនយ៉ាងឆាប់រហ័សនេះ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលបានទិញហ្វ្រេនឆាយស៍ពីក្រុមហ៊ុន Century21 Cambodia បានពន្យល់ពីមូលហេតុ និងផលចំណេញពីការសម្រេចចិត្តទិញម៉ាករបស់ក្រុមហ៊ុននេះ។

-->
តើមូលហេតុអ្វីបានជាលោកសម្រេចចិត្តទិញហ្វ្រេនឆាយស៍ Century21 Cambodia និងបានចាប់ផ្តើមយ៉ាងដូចម្តេច?
ខ្ញុំបានចាប់ផ្តើមទិញម៉ាកក្រុមហ៊ុនេះ ពីខែកញ្ញាឆ្នាំមុន។ ការសម្រេចចិត្តទិញហ្វ្រេនឆាយស៍របស់ក្រុមហ៊ុននេះ ដោយសារខ្ញុំមើលឃើញពីសក្តានុពលរបស់Century21 ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលមានទីតាំងនៅ៧៥ប្រទេស មានការិយាល័យធ្វើការចំនួន៧២៣០ មានភ្នាក់ងារលក់ជាង១១ម៉ឺននាក់ និងបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៤។ អ្វីដែលក្រុមហ៊ុនេះធ្វើ គឺការចងក្រងជាបណ្តុំនៃបណ្តាញ។ ដូច្នេះពេលនិយាយពីក្រុមហ៊ុន Century21 គឺនិយាយពីបណ្តាញដ៏ខ្លាំងរបស់ក្រុមហ៊ុននេះ។
តើអ្វីជាអត្ថប្រយោជន៍ពិតប្រាកដដែលក្រុមហ៊ុន Century21 ផ្តល់ជូន?
តាមធម្មតាក្រុមហ៊ុនក្នុងស្រុក ពួកគេធ្វើការមានលក្ខណៈតែឯកឯង ប៉ុន្តែសម្រាប់ Century21 គឺជាបណ្តុំការិយាល័យធ្វើការរួមគ្នា និងមានក្រុមការងារច្រើនដែលអាចសហការគ្នាបាន។ ប្រសិនជាយើងទៅជួបអ្នកអភិវឌ្ឈន៍ ឬម្ចាស់គំរោងហើយបង្ហាញពី Century21 គេចាប់ផ្តើមស្គាល់ហើយ ទោះជាក្រុមហ៊ុននេះទើបចូលមកកាន់ទីផ្សារនេះក្តី តែសម្រាប់នៅបរទេសពេលនិយាយពីក្រុមហ៊ុននេះ គេស្គាល់ក្រុមហ៊ុននេះច្បាស់ជាយូរមកហើយ។
ក្រៅពីកេរ្ត៍ឈ្មោះរបស់ Century21 ក្រុមហ៊ុននេះមានបច្ចេកទេសនៃការនិយាយ ដើម្បីឲ្យអតិថិជនមានការជឿជាក់លើអ្វីដែលយើងនិយាយ ហើយមិនមែនយើងនិយាយតែម្នាក់ឯងទេ តែយើងនិយាយជាផ្នែកមួយរបស់ពិភពលោក។ ឧទាហរណ៍ជាក់ស្តែងយើងបានសហប្រតិបត្តិការ ជាមួយភ្នាក់ងារ Century21 នៅប្រទេសកូរ៉េ ជប៉ុន តៃវ៉ាន់ និងកាណាដាជាដើម។ បើពួកគេមានបំណងទិញអចលនទ្រព្យនៅកម្ពុជា ពួកគេអាចទាក់ទងនឹងបណ្តាញរបស់យើងនៅទីនេះ។ ប្រសិនជាយើងមិនមែនជាផ្នែកមួយរបស់ Century21 យើងមិនអាចមានច្រកឆ្ពោះទៅកាន់ពិភពលោកនោះទេ។ នេះមានន័យថាយើងមានប្រព័ន្ឋជាសាកល ដែលយើងអាចចុះផ្សាយលក់ទៅក្នុងប្រព័ន្ឋនៃបណ្តាញរបស់យើងលំដាប់ពិភពលោក។ដូច្នេះបើយើងមានប្រព័ន្ឋនេះ ទោះបីជាយើងផ្សព្វផ្សាយលក់នៅកម្ពុជាមែន តែបណ្តាញរបស់យើងនៅពិភពលោកពួកគេអាចឃើញអចលនទ្រព្យ ដែលយើងដាក់លក់តាមរយៈបណ្តាញរបស់Century21។ អញ្ចឹងបើយើងទទួលបានគំរោងមួយផ្តាច់មុខតែម្នាក់ឯង ដូចជា លក់វីទ្បា ឬខុនដូ បើយើងជាក្រុមហ៊ុនតូចមួយទៅនិយាយជាមួយអ្នកអភិវឌ្ឈន៍ នោះពួកគេមិនសូវចាប់អារម្មណ៍ទេ តែបើយើងនិយាយពី Century21 ការឲ្យតំលៃរបស់អ្នកអភិវឌ្ឈន៍ចំពោះយើងគឺផ្សេងពីក្រុមហ៊ុនក្នុងស្រុក។ នេះហើយជាអំណាច និងសក្តានុពលនៃកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុននេះ។
យើងក៏អាចជួយគ្នាបានច្រើន ព្រោះយើងអាចចែករំលែកការលក់ដល់ក្រុមហ៊ុននៅក្នុងទីផ្សារដ៏ធំរបស់យើង ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា គឺក្រុមហ៊ុនក៏ជោគជ័យ អតិថិជនក៏ជោគជ័យ និងអ្នកអភិវឌ្ឈន៍ក៏ជោគជ័យ។
តើអ្វីជាភាពខុសគ្នារបស់ក្រុមហ៊ុនធម្មតា និង Cuntury21 Mekong?
យើងពិតជាមានភាពខុសគ្នា ដោយសារយើងមានរចនាសម្ព័ន្ឋដឹកនាំច្បាស់លាស់ មានក្រុមការងារជាអ្នកផ្តល់ប្រឹក្សាឲ្យយើងច្រើន ដែលពួកគេសុទ្ឋតែជាអ្នកមានជំនាញផ្នែកអចលនទ្រព្យ និងមានបណ្តាញខ្លាំង ព្រមទាំងមានអ្នកមានទ្រព្យធនច្រើន និងជាអ្នកវិនិយោគអចលនទ្រព្យ កត្តានេះហើយទើប Century21 ដើរខុសពីក្រុមហ៊ុនផ្សេងៗទៀត។

តើអ្វីជាជំនាញពិតប្រាកដរបស់ Century21?
ក្រុមហ៊ុន Century21 ផ្តោតតែបីផ្នែកប៉ុណ្ណោះ គឺការទិញ លក់ ជួល និងមិនសូវធ្វើការងារផ្នែកវាយតំលៃ និងផ្នែកគ្រប់គ្រងអចលនទ្រព្យនោះទេ បើទោះជាមានអ្នកខ្លះធ្វើការងារនេះក្តី។ មូលហេតុដែលយើងផ្តោតលើផ្នែកទាំងបីនេះ ដោយសារវាជាចំណូលដ៏ធំក្នុងវិស័យនេះ ព្រោះចំណូលខ្ពស់ពីវិស័យនេះ មិនមែនបានមកពីការវាយតំលៃនិងការគ្រប់គ្រងអចលនទ្រព្យនោះទេ។ ឧទាហរណ៍ថា អចលនទ្រព្យមួយមានតំលៃ៥លានដុល្លារ ហើយយើងទទួលបានចំណូល៥ភាគរយតើយើងបានប៉ុន្មាន បើធៀបនឹងការវាយតំលៃមួយករណីគឺបានតែ១៥០ ទៅ២០០ដុល្លារប៉ុណ្ណោះ។
យើងធ្វើបានគ្រប់រឿង តែមនុស្សមានភាពខ្លាំងរៀងៗខ្លួន អញ្ចឹងភាពខ្លាំងរបស់Century21 ជាអ្វីដែលក្រុមហ៊ុនផ្សេងទៀតមិនមាន។
ហេតុអីបានជាក្រុមហ៊ុននេះជ្រើសរើសពណ៌លឿងជានិម្មិត្តសញ្ញារបស់ខ្លួន?
ពណ៌មាស វាជាពណ៌តំណាងឲ្យភាពមានបាន និងទ្រព្យធនដ៏ស្តុកស្តម្ភក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុនយើងជួយអតិថិជនឲ្យលក់អចលនទ្រព្យដាច់ យើងជួយពួកគាត់ឲ្យទិញអចលនទ្រព្យបានល្អ និងអចលនទ្រព្យដែលអ្នកដទៃមិនដឹង។
តើឥរិយាបទរបស់ប្រជាពលរដ្ឋមានការយល់ដឹងយ៉ាងដូចម្តេចក្នុងវិស័យនេះ?
ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមមានការយល់ដឹង ទាក់ទងនឹងវិស័យនេះ។ បើនិយាយពាក់ព័ន្ឋបញ្ហាផ្លូវច្បាប់ អ្នកខ្លះមិនចង់ចំណាយពេលទេ ពួកគេបានពឹងពាក់ក្រុមហ៊ុនអចលនទ្រព្យធ្វើការឲ្យគាត់។ មិនមែនមានន័យថាគាត់ធ្វើមិនកើតទេ គឺមនុស្សធ្វើកើតទាំងអស់អាស្រ័យលើឆន្ទៈនិងពេលវេលា ប៉ុន្តែបើគាត់គ្មានជំនាញ ពួកគាត់អាចចូលរួមពិភាក្សា និងធ្វើការជាមួយក្រុមហ៊ុន Century21 Mekong ឬក្រុមហ៊ុនផ្សេងៗទៀត ដើម្បីឲ្យធ្វើកិច្ចការទាំងនោះជំនួសគាត់។ ធ្វើបែបនេះគាត់ចំណេញទាំងពេលវេលា ចំណេញទាំងថវិកា ព្រោះជួនកាលបើគាត់ធ្វើរឿងនោះខ្លួនឯង គាត់ខាតទាំងពេលហើយចំណាយអស់ថវិកាច្រើនថែមទៀត ដោយសារគាត់មិនដឹងពីបែបបទការងារ។
នេះជាការហុចសក្តានុពលសំខាន់ណាស់ សម្រាប់បុគ្គល សហគមន៍និងសង្គមជាតិ៕