គម្រោងអគារលំនៅដ្ឋានកប់ពពកខ្ពស់បំផុតនៅតិចសាសនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ

0

សុខុម

តិចសាស: មានពាក្យចាស់មួយឃ្លាលើកឡើងថា អ្វីៗសុទ្ធតែធំៗនៅរដ្ឋតិចសាស (Texas) ប៉ុន្តែបើនិយាយពីសំណង់អគារធំៗ និងខ្ពស់ៗកប់ពពកវិញដូចមិនសូវមានសោះនៅក្នុងរដ្ឋនេះរហូតមកទល់នឹងពេលនេះ។

ទោះជាយ៉ាងណា តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN លោក Brad Wilkins ដែលមកពីក្រុមហ៊ុនស្ថាបត្យកម្ម HKS បានទម្លាយឱ្យដឹងថា ស្ថានភាពនេះនឹងកែប្រែក្នុងពេលឆាប់ៗនេះ ខណៈអគារលំនៅដ្ឋានកប់ពពកដែលខ្ពស់បំផុតនឹងត្រូវសាងសង់នៅក្នុងរដ្ឋនេះ។

លោក Brad Wilkins ធ្លាប់បានបន្សល់ទុកស្នាដៃជាច្រើនលើគម្រោងអគារកប់ពពកខ្ពស់ៗបំផុតមួយចំនួនរបស់ពិភពលោក រួមទាំងអគារកប់ពពក Burj Khalifa នៅក្រុងឌូបៃ និងអគារ Wuhan Greenland Center នៅប្រទេសចិន ផងដែរ ហើយពេលនេះលោកគឺជានាយកផ្នែកឌីហ្សាញដែលស្ថិតនៅពីក្រោយគម្រោងអគារលំនៅដ្ឋានកប់ពពក Wilson Tower សម្រាប់ក្រុងអូស្ទីន (Austin) រដ្ឋតិចសាស។ អគារលំនៅដ្ឋាន៨០ជាន់នេះមានកម្ពស់៣១៥,៥ម៉ែត្រ។

តាមការរំពឹងពឹង គម្រោងដែលក្រុមហ៊ុនអភិវឌ្ឍន៍ Wilson Capital បានប្រកាសកាលពីខែវិច្ឆិកា នេះនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅរដូវក្ដៅក្រោយ។ ទោះជាយ៉ាងណា ដោយសារគម្រោងនេះនៅត្រូវឆ្លងកាត់ដំណើរការសុំលិខិតអនុញ្ញាតសាងសង់នៅឡើយ ដូចនេះទំហំនៃការចំណាយសរុបសម្រាប់គម្រោងអគារនេះមិនត្រូវបានប្រកាសឱ្យដឹងជាសាធារណៈឡើយ។

ក្រុមហ៊ុន HKS ជឿជាក់ថា គម្រោងអគារនេះនឹងក្លាយជាអគារកប់ពពកខ្ពស់បំផុតប្រចាំរដ្ឋរដ្ឋតិចសាស និងជាអគារលំនៅដ្ឋានកប់ពពកខ្ពស់បំផុតដែលនៅក្រៅក្រុងញូវយ៉ក ក្នុងសហរដ្ឋអាមេរិក។

លោក Brad Wilkins បានគូសបញ្ជាក់ថា “មិនយូរទេយើងនឹងឃើញសំណង់អគារកប់ពពកកម្ពស់ប៉ុណ្ណេះផ្សេងៗទៀតរីកពេញទីក្រុងនេះ”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here