មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងពីគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗក្នុងស្រុកនិងតភ្ជាប់ក្នុងតំបន់ជាមួយដៃគូអភិវឌ្ឈន៍

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានលើកឡើងពីផែនការតភ្ជាប់ផ្លូវដែកពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្ត និងគំរោងអភិវឌ្ឍន៍ជាច្រើនទៀត និងគំរោងសំខាន់ៗជាច្រើនទៀត តភ្ជាប់ជាមួយប្រទេសក្នុងតំបន់។

ការលើកឡើងនូវព៌តមាននេះ បានធ្វើឡើងដោយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឈន៍ និងមន្រ្តីពាក់ព័ន្ឋ ក្នុងពេលលោកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (Infrastructure & Regional Integration Technical working Group – IRITWG) រួមជាមួយលោកស្រី Kamei Haruko នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន(JICA) ប្រចាំកម្ពុជា និងជាប្រធានក្រុមសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍន៍ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង សា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ ក្នុងពិធីបើកកិច្ចប្រជុំនាថ្ងៃទី១ ធ្នូ ឆ្នាំ២០២២នេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក កំពង់ផែ ព្រមទាំងមានគម្រោងសាងសង់ផ្លូវ ស្ពាន ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយប្រទេសជិតខាងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្មត្រូវបានអភិវឌ្ឍផងដែរ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូន ផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) និងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីសម្រេចនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ឆ្នាំ២០៥០ជាដើម។

ប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីឱ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ ដោយមានការជម្រាបជូន អំពីស្ថានភាពនៃការអនុវត្ត បញ្ហាប្រឈម និងសំណូមពរ នៃគម្រោងដែលខ្លួនបាន និងកំពុងអនុវត្ត ក្រោមជំនួយហិរញ្ញប្បទានពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួនរួមមាន JICA, ADB, AFD និង EDCF ជាដើម។

ក្នុងឱកាសនោះ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានចូលរួមធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ នៃគម្រោងដែលស្ថាប័ននីមួ​យៗ បាននិងកំពុងអនុវត្ត រួមមានដូចជា៖ គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ជនបទ វិស័យដឹកជញ្ជូនតាមផ្លូវអាកាស ហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទូរគមនាគមន៍ បញ្ហាទឹកកខ្វក់ និងអនាម័យ ផែនការមេនៃការអភិវឌ្ឍថាមពល គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និង ការអភិវឌ្ឍវិស័យភស្តុភារកម្ម។

អង្គប្រជុំក៏មានការកត់សម្គាល់ និងវាយតម្លៃខ្ពស់លើការធ្វើបទបង្ហាញ ព្រមទាំងមានការពិភាក្សា ប្រមែប្រមូលធាតុចូល និងផ្លាស់ប្តូរគំនិតយោបល់យ៉ាងផុសផុល សំដៅឱ្យការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មក្នុងតំបន់ ប្រព្រឹត្តទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here