ក្រសួងសេដ្ឋកិច្ចបង្ហាញនូវសូចនាករដល់ក្រុមហ៊ុនឯកជននានាដើម្បីអនុវត្តន៍យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួន ក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង ដើម្បី​អាច​អនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និង​ឯកជន។​

ព៌តមាននេះ ត្រូវបានបង្ហាញក្នុងសិក្ខាសាលាស្តីពី “នីតិវិធីគ្រប់​គ្រង​ប្រតិបត្តិ​ការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និង​ឯកជន​” ​ឬ ហៅកាត់ថា “SOP for PPP Projects”​ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឈីម សូចរស្មី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា គោលការណ៍ណែនាំនេះ ដាក់ចេញក្នុងគោលបំណងកំណត់ និងជ្រើសរើសនូវ​គម្រោង​ជាអាទិភាព តាម​រយៈ​​វិធីសាស្ត្រ​ស្តង់ដារមួយ ដែលប្រើប្រាស់ក្នុងការវាយតម្លៃលើគម្រោង ជាមួយ​នឹង​លក្ខណៈ​វិនិច្ឆ័យមួយចំនួនថា ​តើ​​គម្រោង​នោះអាចធ្វើលទ្ធកម្ម សម្រាប់អនុវត្តតាមយន្តការភាពដៃគូរវាងរដ្ឋ និងឯកជនបាន ឬអត់។

តាមរយៈបទបង្ហាញលោកប្រធាននាយកដ្ឋាន លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ និងជ្រើសរើសប្រភេទគម្រោង​ភាព​ជា​ដៃគូ រវាងរដ្ឋ និងឯកជន ចែកជា២ដំណាក់កាល រួមមាន៖

ក. ដំណាក់កាលទី១

  • គម្រោងត្រូវតែស្របនឹងយុទ្ធសាស្ត្រជាអាទិភាព របស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
  • គម្រោងដែលមានការចំណាយជាអប្បបរមា និង/ឬ មិនសាំញាំច្រើនក្នុងការធ្វើលទ្ធកម្ម។
  • គម្រោងដែលទទួលបានការគាំទ្រ ពីដៃគូពាក់ព័ន្ធ ដោយផ្អែកលើការពិគ្រោះយោបល់ជាមុនជាសាធារណៈ។
  • ការគាំទ្រ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តគម្រោងរបស់ស្ថាប័នសាមី ត្រូវបានដាក់ឆ្លងក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ។
  • គម្រោងដែលមិនជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លី ការផ្លាស់ទីលំនៅ បញ្ហាសង្គម និងបញ្ហាបរិស្ថាន។
  • គម្រោងដែលអាចអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដូចជាគម្រោងដែលបានធ្វើលទ្ធកម្មពី មុន ដោយប្រើប្រាស់ហិរញ្ញប្បទាន និងអ្នកជំនាញរបស់វិស័យឯកជន​ទាំងជាតិ និងអន្តរជាតិ។
  • គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលស្នើឡើងដោយវិស័យឯកជន ដែលមិនទាមទារ​ជំនួយ​ហិរញ្ញប្ប​ទាន​ពីរដ្ឋាភិបាល ក្នុងទម្រង់ជាការធានា ឧបត្ថម្ភធន ប្រាក់ជំនួយ ឬជំនួយផ្នែកហិរញ្ញវត្ថុប្រភេទ។ផ្សេងទៀត។

ខ. ដំណាក់កាលទី២

  • គម្រោងមានតម្រូវការផ្នែកទីផ្សារ
  • គម្រោងដែលមានយន្តការទូទាត់/ ប្រមូលចំណូលមានភាពស្ថិតស្ថេរ អាចប៉ាន់ស្មានដឹង ព្រមជាមួយ​​នឹង​ការ​ទាក់ទាញនូវហិរញ្ញវត្ថុ
  • គម្រោងមានតម្លៃដល់សង្គម និងសេដ្ឋកិច្ច
  • មានគោលការណ៍សមរម្យក្នុងការទទួលបន្ទុកហានិភ័យរបស់គម្រោង។
  • ទ្រព្យសកម្មសរុបរបស់គម្រោងដែលអាចគ្រប់គ្រងបាន។
  • គម្រោងអាចអនុវត្តបានស្របតាមច្បាប់ និងលិខិតបទគតិយុត្តពាក់ព័ន្ធ។

នៅក្នុងដំណាក់កាលទី២នេះ លក្ខណៈវិនិច្ឆ័យទាំង៦នេះ ត្រូវបានវិនិច្ឆ័យមួយកម្រិតទៀត និងផ្តល់ជាពិន្ទុខុសគ្នាៗ ​ទៅ​​​តាមប្រភេទគម្រោងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វិធីសាស្ត្រក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូ​វ​បាន​លម្អិតក្នុងឧបសម្ព័ន្ធ របស់អនុក្រឹត្យលេខ ១៧៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យប្រើ​នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here