តើឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាធ្លាប់លើកឡើងពីសក្តានុពលអ្វីខ្លះ នៅខេត្តកំពង់ស្ពឺ?

0

  ដោយៈ គង់ សូរិយា

       កំពង់ស្ពឺៈ កត្តាភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋតភភ្ជាប់ទៅកាន់តំបន់នានាប្រៀបដូចជាសសៃឈាម បានធ្វើឲ្យខេត្តកំពង់ស្ពឺទាក់ទាញការវិនិយោគកាន់តែច្រើន ពិសេសរោងចក្រ ឧស្សាហកម្មនានា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូល ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត មានជីវភាពល្អប្រសើរមួយកម្រិត។​

លោកបានបន្តថា “សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ ដោយមានរោងចក្រចំនួនជាង៥០០រោងចក្រ បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា “ជាឧទាហរណ៍ ពីមុន ស្រូវមួយតោនលក់បាន៣២០ដុល្លារ អីឡូវនេះមួយហិចតា ក្លាយទៅជារោងចក្រ ក្លាយជាបុរី ក្លាយទៅជាលំនៅឋាន ភោជនីយដ្ឋាន ដែលធ្វើឱ្យផ្ទៃដីរបស់យើងនេះមានសក្ដានុពលម្យ៉ាង សម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋផ្ទាល់នេះ ជាការរីកចម្រើន ដែលយើងបាន តាមរយៈគោលនយោបាយសេដ្ឋកិច្ច មិនមែនថាយើងគិតតាំងពីកីឡាទេ បានកីឡាហើយថែមរឿងនេះផង”។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅ ជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាខេត្តដទៃទៀត និងរាជធានីដោយបានបើកចំហ     ឱ្យមាន ការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ សម្រា​ប់ធ្វើការអភិវឌ្ឍវិស័យរោងចក្រ និងកសិកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here