លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបញ្ជាឲ្យពង្រីករង្វង់មូលនៅឆ្នេរកែបថ្មីរហូតដល់ទំហំ៩៩ម៉ែត្រ

0

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ជា ឲ្យមានការរៀបចំរង្វង់មូលថ្មី នៅតំបន់ឆ្នេរខ្សាច់កែប រហូតដល់ទំហំអង្កត់ផ្ជិត៩៩ម៉ែត្រ។

លោកសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ក្រុមមន្រ្តីជំនាញកំពុងពង្រីករង្វង់មូល នៅឆ្នេរកែបថ្មីដែលបានចាក់ខ្សាច់បំពេញ ប្រវែង២៧០០ម៉ែត្រ ឲ្យមានទំហំអង្កត់ភ្ជិត៩៩ម៉ែត្រ ដើម្បីសោភ័ណភាព ក៏ដូចជា សម្រាប់ដាក់តាំងរូបសំណាកផ្សេងៗនពេលខាងមុខ។

លោកបន្តថា “ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏ជម្រុញឲ្យពង្រីកផ្លូវមេធំៗចំនួនពីរក្នុងខេត្ត ឲ្យមានទំហំរហូតដល់៩០ម៉ែត្រផងដែរ”។លោកបន្តថា “ការបើកដំណើរការឆ្នេរថ្មីនេះ ជាផ្លូវការមិនទាន់កំណត់ពេល​វេលាជាក់លាក់នៅឡើយទេ ដោយសារបច្ចុប្បន្នយើងកំពុងរៀបចំកែលំអរជាច្រើនទៀត”។

ឆ្នេរកែបថ្មី ដែលត្រូវបានចាក់ខ្សាច់បំពេញនេះ បាននិងកំពុងរៀបចំដើម្បីលើកកំពស់សោភ័ណភាព លើកកំពស់វិស័យទេសចរណ៍ក្នុងខេត្តកែបឲ្យមានភាពស្រស់បំព្រង និងក្លាយជាផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្ត និងស្នាក់នៅកាន់តែយូរនៅកម្ពុជា។

លោកសោម ពិសិដ្ឋបានបន្តថា ខេត្តកែបក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ គឺជាសរសរស្តម្ភដ៏សំខាន់ក្នុងការលើកកំពស់សេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជា សេដ្ឋកិច្ចជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here