ស្ថានភាពអចលនទ្រព្យក្នុងខេត្តសៀមរាបអាចត្រូវការពេល២ទៅ៣ឆ្នាំដើម្បីឱ្យដូចមុនវិបត្តិ

0

 ដោយៈវឌ្ឍនៈ

សៀមរាបៈ នៅចុងឆ្នាំ២០២២នេះ  ស្ថានភាពអចលនទ្រព្យហាក់មានភាពប្រសើរជាងកាលពីដើមឆ្នាំ និង២ឆ្នាំមុន ក្នុងនោះដែរខេត្តសៀមរាបក៏ត្រូវបានមើលឃើញថា មានភាពប្រសើរជាងកាលពីដើមឆ្នាំ និង២ឆ្នាំមុនដូចគ្នា។

ប៉ុន្តែយ៉ាងណាក្ដី អ្នកជំនាញអចលនទ្រព្យប្រចាំខេត្តមួយនេះបានអះអាងថា ដើម្បីស្ដារស្ថានភាពឱ្យបានដូចមុនកូវីដ១៩ គឺត្រូវការពេលវេលាប្រមាណពី២ទៅ៣ឆ្នាំទៀត។

លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងនាព្រឹក ថ្ងៃទី៧ ​ធ្នូនេះថា នៅចុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តសៀមរាប ត្រូវបានមើលឃើញថា ហាក់មានភាពប្រសើរជាងកាលពីដើមឆ្នាំនិងរយៈពេល២ឆ្នាំមុនពោលគឺ នៅក្នុងវិបត្តិកូវីដ១៩ ។

លោកបន្តថា “កត្តាដែលជំរុញឱ្យសកម្មភាព នៃអចលនទ្រព្យក្នុងខេត្តនេះមានភាពប្រសើរឡើងនោះ ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តសៀមរាប មានកំណើនឡើងជាងរយៈពេលជិត៣ឆ្នាំកន្លង ដែលធ្វើឱ្យតម្រូវការអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏មានកំណើនជាងមុនបន្តិចដែរ និងជាសញ្ញាណល្អសម្រាប់ឆ្នាំក្រោយ”។

លោកបន្ថែមថា ម្យ៉ាងទៀតនៅក្នុងខេត្តសៀមរាប ក៏មាននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីៗជាច្រើនខ្សែ ស្រួលក្នុងការធ្វើដំណើររបស់ទេសចរជាតិនិងអន្តរជាតិ និងមានព្រលានយន្តហោះអន្តរជាតិថ្មីមួយ កំពុងដំណើរការសាងសង់ផងដែរ ។

លោកបន្ថែមថា កត្តាទាំងនេះគឺជាសក្ដានុពល ក្នុងការជំរុញឱ្យស្ថានភាពអចលនទ្រព្យ នៅក្នុងខេត្តនៃតំបន់វប្បធម៌ បានប្រសើរបន្តិចវិញនៅចុងឆ្នាំ២០២២នេះ និងអាចល្អប្រសើរនៅចុងឆ្នាំ ២០២៣ខាងមុខនេះ។

លោកសំ សីហាបានបន្ថែមទៀតថា ដើម្បីឱ្យស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តសៀមរាបល្អដូចមុនកូវីដ១៩ ពោលគឺនៅក្នុងអំឡុងឆ្នាំ២០១៨ ឬ២០១៩ យើងត្រូវការប្រើពេលវេលាចន្លោះពី២ ទៅ៣ឆ្នាំទៀត ព្រោះក្នុង   រយៈពេលជិត៣ឆ្នាំមកនេះ វិស័យនេះបានរងផលប៉ះពាល់ច្រើន។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានលើកឡើង វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺពឹងទៅលើការវិនិយោគពីវិនិយោគិនបរទេស ច្រើនជាងអ្នកវិនិយោគក្នុងស្រុក។ ដូច្នេះនៅពេលអវត្តមានជនបរទេស ឬមិនមានការវិនិ​យោគពីវិនិយោគិនបរទេសនោះ នឹងធ្វើឱ្យស្ថានភាពមិនទាន់វិលត្រលប់ទៅដូចនឹងមុនកូវីដ១៩បានទេ បើទោះបីជាមានការវិនិយោគពីអ្នកក្នុងស្រុក ។

អ្នកនាងបន្តថា យ៉ាងណាក្ដីក្នុងអំឡុងពេលពីរ បីឆ្នាំមកនេះយើងសង្កេតឃើញថា អចលនទ្រព្យកម្ពុជាមានការវិនិយោគ ពីវិនិយោគិនក្នុងស្រុកច្រើនជាងមុន ដែលការវិនិយោគរបស់វិនិយោគិន ក្នុងស្រុកនេះដែរបានជួយឱ្យសកម្មភាពក្នុងវិស័យនេះនៅតែបន្ត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here