កំណើនដីធ្លីនិងលំនៅឋានត្រូវបានរំពឹងថាមានភាពរឹងមាំនៅឆ្នាំ២០២៣

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពស្រពេចស្រពិលនៅឡើយ ពោលគឺចាប់តាំងពីជួបវិបត្តិក្នុងឆ្នាំ២០២០ ដោយសារតែកូវីដ១៩។

យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យអចលនទ្រព្យ កម្ពុជាជាច្រើននៅតែបង្ហាញពីក្ដីសង្ឃឹមឡើងវិញ ចំពោះផ្នែកខ្លះនៃអចលនទ្រព្យដូចជាផ្នែកដីធ្លីនិងលំនៅឋាន នៅតែជាផ្នែកមួយដែលអ្នកជំនាញរំពឹងថា បន្តមានភាពរឹងមាំនៅឆ្នាំក្រោយ។

អ្នកនាងអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា ដីធ្លីនិងលំនៅឋាននៅតែជាផ្នែកសំខាន់ ក្នុងការអភិវឌ្ឍនិងរំពឹងថាមានកំណើនរឹងមាំ នៅឆ្នាំ២០២៣ខាងមុខនេះ ។

អ្នកនាងបន្តថា “ស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមានភាពល្អប្រសើរ ជាងបណ្ដាប្រទេសមួយចំនួន បើទោះបីជាការវិនិយោគក្នុងរយៈពេលចុងក្រោយនេះ ផ្ដោតលើអ្នកក្នុងស្រុកក៏ពិតមែន”។ អ្នកនាង​បន្តថា “បើនិយាយជារួម បើនិយាយពីសេដ្ឋកិច្ចក៏ឃើញថា ប្រទេសកម្ពុជាឈរនៅចំណុចល្អជាង បណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ ទាំងការស្ដារសេដ្ឋកិច្ច និងអាជីវកម្មដែលរងផប៉ះពាល់ដោយសារតែកូវីដ១៩”។

អត្រាអតិផរណាក៏ឃើញថា កម្ពុជាបានរក្សាក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបានផងដែរ ស្របនឹងបណ្ដាប្រទេសមួយចំនួន បានកើនឡើងខ្ពស់ ។អ្នកនាងអាន សុធីតាបញ្ជាក់ឲ្យដឹងបន្ថែម។

អ្នកនាងបន្ថែមថា នៅឆ្នាំ២០២៣ខាងមុខនេះ វិស័យទេសចរណ៍អាចនឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាងឆ្នាំ២០២២ ដោយនឹងមានកំណើនខ្ពស់ដែលជួយខាងផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ច ហើយចំពោះវិស័យដីធ្លីវានឹងមានកំណើនក្នុងអត្រា៥ ទៅ១០ភាគរយ ។ សម្រាប់ផ្នែកលំនៅឋានវិញក៏នឹងមានកំណើដូចគ្នា។

អ្នកតាមដានព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ច លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia បានលើកឡើងដោយប្រុងប្រយ័ត្នថា នៅឆ្នាំ២០២៣ ប្រសិនបើនិយាយថាអ្វីៗនឹងល្អប្រសើរ វាដូចជាការវិនិច្ឆ័យឆាប់ពេក សម្រាប់ទីផ្សារនេះ ប៉ុន្តែនៅកម្ពុជាមានសញ្ញាវិជ្ជមានច្រើន ដែលទី១ អ្នកវិនិយោគចិននឹងត្រលប់មកវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំរបស់ពួកគេ ទី២ អត្រាលំហូរពាណិជ្ជកម្មកម្ពុជា នឹងសម្រេចបានកំនើនប្រសើរ ដោយសារកិច្ចព្រមព្រៀងចំនួនបីជាមួយចិន ជាមួយកូរ៉េ និង

កិច្ចព្រមព្រៀងRCEPបានចូលជាធរមាន។

លោកបន្តថា “ប្រសិនជាស្ថានភាពលំហូរFDIល្អមកកាន់កម្ពុជា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យអចលនទ្រព្យនឹងងើបឡើងវិញប្រសើរ ផ្ទុយទៅវិញប្រសិនជាវិបត្តិសេដ្ឋកិច្ចសកលកើនមាន ស្ថានភាពវិស័យនេះនឹងបន្តរងផលប៉ះពាល់បន្តទៀត”។ លោកបន្តថា “សញ្ញានៃការបញ្ចប់សង្រ្គាមរវាង    រុស្ស៊ី និងអ៊ុយក្រែន ក៏មានសភាពមិនច្បាស់លាស់ផងដែរ ខណៈសង្រ្គាមនេះបាននិងកំពុងក្លាយជាផ្នែកមួយ នៃវិបត្តិសេដ្ឋកិច្ចសកលរួចទៅហើយ”។

ជាមួយគ្នានេះ លោកលាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានថ្លែងឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២នេះ បណ្ដុំលំនៅឋានមានលក្ខណៈជាបុរី  មានការអនុញ្ញាតឱ្យសាងសង់ថ្មីប្រមា​ណ២០គម្រោង ដែលធ្វើឱ្យសកម្មភាពនៃការសាងសង់ លំនៅឋាននៅក្នុងប្រទេសកម្ពុជានៅតែបន្ត ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងទីផ្សារលំនៅឋាននៅក្នុងប្រទេស នៅមិនទាន់ឆ្លើយតប នឹងតម្រូវការកំណើនប្រជាសាស្ត្រនៅឡើយទេ ដូច្នេះទាមទារឱ្យមានវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិលើលំនៅឋាន ជាពិសេសនោះនៅពេលអនាគតឆាប់ៗនេះ ទីផ្សារមួយនេះនឹងមានតម្រូវការខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here