ដោយៈ សុផារី
ភ្នំពេញៈ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក ហើយនៅព្រឹកស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការប្រគល់ និងទទួលប្រាក់កម្ចីសរុបជិត ២ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២នេះ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក។
ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែក ដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ។
ក្នុងឱកាសនោះដែរ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងលោក ប៉ាក ហ៊ីងឃ្លៀង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត ន សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១៥០០លានដុល្លារអាមេរិក។
ក្នុងពេលជាមួយគ្នានោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងចំនួន២ ដូចជា គម្រោងពង្រឹងសមត្ថភាព ប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនី នៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក៕