ដោយគង់ សូរិយា
ភ្នំពេញ ដំណឹងល្អ ដំណឹងល្អបានមកដល់ហើយ ដោយបច្ចុប្បន្ននេះក្រុមហ៊ុន YUNWOO ដែលជាម្ចាស់អាគារ Gold Tower42 បានរកដៃគូថ្មី ដើម្បីចាប់ផ្តើមសាងសង់បន្តនៅពេលឆាប់ៗនេះហើយ។
យោងតាមប្រភពពីមន្ត្រីស្និទ្ឋនឹងម្ចាស់គំរោងនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទពីសហរដ្ឋអាមេរិកនារសៀលថ្ងៃទី២១ វិច្ឆិកានេះថា រហូតមកទល់ពេលនេះ មានដំណឹងល្អពិតប្រាកដហើយ ព្រោះម្ចាស់គំរោងអាគារ Gold Tower 42 ជាន់បានរកដៃគូសហការ ដើម្បីចាប់ផ្តើមបន្តសាងសង់អាគារនេះឡើងវិញហើយ។លោកស្រីបន្តថា ប្រសិនជាគ្មានការប្រែប្រួល ក្រុមហ៊ុននេះនឹងធ្វើសន្និសីទសារព៌តមាន ដើម្បីបញ្ជាក់ពីការចាប់ដៃគូ និងពេលវេលាសាងសង់អាគារនេះឡើងវិញនៅថ្ងៃស្អែកនេះហើយ។
-->

ក្រុមហ៊ុន YUNWOO ដែលជាម្ចាស់អាគារនេះ បានផ្ញើរលិខិតមកកាន់ក្រសួងកាលពីខែសីហា និងសុំរយៈពេល៦ខែបន្ទាប់ នឹងធ្វើការសាងសង់អាគារនេះឡើងវិញ ហើយបើគិតពីខែសីហា មករយៈពេល៦ខែខាងមុខ អាគារនេះអាចនឹងសាងសង់ឡើងវិញនៅដើមឆ្នាំក្រោយ។
អាគារ Gold Tower 42 គ្រោងសាងសង់ ដោយចំណាយប្រាក់២៤០លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន Hanil Construction ដែលមានមូល ដ្ឋាននៅប្រទេសកូរ៉េ។
អ្នកជំនាញអចលនទ្រព្យនានាសុទ្ឋតែស្វាគមន៍ និងមានសុទិដ្ឋិនិយមពីភាពជោគជ័យរបស់អាគារនេះ ប្រសិនជាបញ្ចប់ការសាងសង់នៅពេលខាងមុខ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាអាគារ Gold Tower 42 សាងសង់ឡើងវិញ គម្រោងនេះនឹងទទួលបានជោគជ័យ ព្រោះគំរោងនេះស្ថិតនៅចំទីតាំងលេខ១សម្រាប់ក្រុងភ្នំពេញ ដោយសារវាជាប់ផ្លូវធំទាំងអស់ និងជាតំបន់ពាណិជ្ជកម្មដ៏ល្អ។

លោកបន្តថា “ទោះជាយ៉ាងណាក្រុមហ៊ុនអភិវឌ្ឍន៍អាគារនេះ ត្រូវធ្វើឲ្យមានទំនុកចិត្តសិន មុននឹងប្រកាសលក់ ដោយសារគំរោងនេះហាក់បាត់ទំនុកចិត្តរួចទៅហើយ។
អាគារនេះបានផ្អាកការសាងសង់ នៅកំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ និងបានសាងសង់ឡើងវិញនៅកំឡុងឆ្នាំ២០១០ ដែលធ្វើឲ្យអាគារនេះសាងសង់សម្រេចបាន៣២ជាន់ ហើយបានផ្អាកការសាងសង់ឡើងវិញរហូតមកទល់ពេលនេះ៕