ដោយគង់ សូរិយា
ភ្នំពេញ: ប្រធានតំណាងប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងថា ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា បានដឹកនាំដោយវិស័យជាច្រើន ប៉ុន្តែដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា គួរស្វែងរកអ្វីដែលជាផលិតផលពិសេសមួយនិងបង្កើតតម្លៃបន្ថែមក្នុងផលិតផលរបស់ខ្លួន ដើម្បីឈានទៅប្រកួតប្រជែងនៅលើឆាកទីផ្សារអន្តរជាតិ ។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានលើកឡើង នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៥ស្តីពី ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា កាលពីចុងសប្តាហ៍មុនថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយកម្ពុជាអាចចាត់ទុកជាប្រទេសគំរូ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទទួលបានកំណើនមួយយ៉ាងល្អប្រសើរ ហើយកម្ពុជាក៏មានដៃគូវិនិយោគជាច្រើនផងដែ ខណៈដែលកម្ពុជាមានយុវជនវ័យក្មេងជាច្រើន បានចូលរួមបង្កើនដល់សេដ្ឋកិច្ច ជាពិសេសប្រទេសកម្ពុជា បានបើកចំហរជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងគោលដៅធ្វើការរួមគ្នាផងដែរ។
លោកស្រីបន្តថា “ការអភិវឌ្ឍន៍កម្ពុជាមានការគាំទ្រពីវិស័យជាច្រើន ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារក្សាកំណើនក្នុងរង្វង់៧ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ”។
លោកស្រីបន្តថា “ប៉ុន្តែដើម្បីបន្តកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលគួរស្វែងរកអ្វី ដែលជាផលិតផលពិសេសមួយណាសម្រាប់កម្ពុជា និងត្រូវជម្រុញឲ្យប្រជាជនបង្កើត ឬផ្តល់នូវគុណតម្លៃបន្ថែមទៅលើផលិតផលសម្រេចរបស់ខ្លួន”។
ជាមួយគ្នានេះ លោកជំទាវនាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការដែលធនាគាជាតិនៃកម្ពុជា បានលើកយកនូវប្រធានបទស្តីពី ការពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជា គឺមានគោលបំណងបង្កើនការស្រាវជ្រាវ និងការវិភាគលើសក្តានុពលសេដ្ឋកិច្ច ដែលអាចរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងនោះការ ពង្រីកប្រភពកំណើនសេដ្ឋកិច្ចកម្ពុជាជាកត្តាចាំបាច់ ក្នុងការកាត់បន្ថយភាពងាយរងផលប៉ះពាល់ ដើម្បីធានាកំណើនប្រកបដោយភាពរឹងមាំ។
លោកជំទាវបន្តថា “ជាក់ស្តែងសន្និសីទនេះ បានធ្វើឲ្យយើងអាចស្វែងយល់ឲ្យកាន់តែច្បាស់នៅលើវិស័យ៣ទៀត គឺការជម្រុញវិស័យកសិកម្ម ការប្រើប្រាស់សក្តានុពលទេសចរណ៍ និងការប្រើប្រាស់កំលាំងពលកម្មសម្រាប់ពេលអនាគតផងដែរ”៕