ដោយៈ គង់ សូរិយា
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជានៅសម្រេចបានកំណើន៥,៩ភាគរយ នៅក្នុងឆមាសទី១ឆ្នាំ២០២៥នេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា(NBC) ។
របាយការណ៍ខាងលើបានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់និងអចលនទ្រព្យ បន្តមានភាពទន់ខ្សោយ។
របាយការណ៍ឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា បានបង្ហាញថា វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន៩,៥ភាគរយ។ អនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១០,៤ភាគរយ ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង៨,៥ភាគរយ។
NBCបានបញ្ជាក់ថា ការនាំចេញផលិតផលកម្មន្តសាល គឺបានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងអត្រា១៥,៣ភាគរយ នៅឆមាសទី១ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៤ មានត្រឹម៨,៧ភាគរយ។ កំណើនេះ បានដោយសារការសម្រុកនាំចេញ យ៉ាងគំហុកមុនពេលពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ត្រូវបានអនុវត្ត ចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ បើតាមរបាយការណ៍ដដែល បានឲ្យដឹងថា កំណើននេះគាំទ្រចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលិចឡើង ដូចជា សំបកកង់រថយន្ត អំពូលភ្លើង និងខ្សែភ្លើង និងបង្គុំខ្សែភ្លើង។
ចំណែកវិស័យទេសចរណ៍ បន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវ អន្តរជាតិនិងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនា -សម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរ ត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗ ដែលចូលរួមទាក់ទាញអ្នកទេសចរជាតិ។
ភ្ញៀវអន្តរជាតិកើន៦,២ភាគរយ ដល់៣,៤លាននាក់ ដែលក្នុងនោះ ភ្ញៀវថៃឈរនៅលំដាប់ទី១ ស្មើនឹង២៧,៦ភាគរយ នៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជា ក្នុងឆមាសទី១។ បន្ទាប់មក វៀតណាម និងទេសចរជនជាតិចិន។
ភ្ញៀវអន្តរជាតិដែលចូលមកតាមផ្លូវអាកាស (សមាមាត្រ ៤២,៣ភាគរយ នៃភ្ញៀវអន្តរជាតិ សរុប) កើនឡើង២៣,៧ភាគរយ និងតាមផ្លូវគោកនិងផ្លូវទឹក (សមាមាត្រ ៥៧,៧ភាគរយ) ថយ៣,៧ភាគរយ។ ទន្ទឹមនេះ កម្ពុជារំពឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ៧,២ ទៅ ៧,៥លាននាក់ នៅដំណាច់ឆ្នាំ២០២៥។
សិទិដ្ឋិនិមបែបនេះ ដោយសារការគាំទ្រជាចម្បងដោយវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។
ចំណូលពីភ្ញៀវទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបាន១,៩ពាន់លានដុល្លារអាម៉េរិក កើន៩,១ភាគរយ ធៀបនឹងឆមាសទី១កាលឆ្នាំ២០២៤ ខណៈចំណូលពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរទទួលបាន២៦,៣ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ទេសចរក្នុងស្រុកបន្តកើន៥០,៣ភាគរយ ដល់១៤,៦លាននាក់។ រាជធានីភ្នំពេញ ឈរនៅលំដាប់ទី១ ជាតំបន់ដែលទទួលទេសចរច្រើនជាងគេ ដែលមានសមាមាត្រ ៣៨,៤ភាគរយនៃទេសចរ ក្នុងស្រុកសរុប។ ទី២ តំបន់ឆ្នេរ កើនឡើង៣៦,៦ភាគរយ ខណៈខេត្តសៀមរាបឈរនៅលំដាប់ទី៣ ជាមួយកំណើន១៦ភាគរយ និងតំបន់អេកូទេសចរណ៍ឈរនៅលំដាប់ទី៤ សម្រេចបានកំណើន១,៩ភាគរយ។
លើសពីនេះ វិស័យកសិកម្មបន្តទទួល បានកំណើន១,២ភាគរយ។ កំណើននេះគាំទ្រដោយកំណើនផលដំណាំ និង ធនធានជលផល។ បើរបាយការណ៍ធនាគារជាតិនៃកម្ពុជា ផលស្រូវរដូវប្រាំងបានកើន១០,៩ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤ (កើន ១២,១ភាគរយ) ដល់៤,៣លានតោន ។ ការណ៍នេះ ដោយសារ ភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ។
ទន្ទឹមនេះ ការកើនឡើងនៃតម្លៃស្រូវ នាឆ្នាំ២០២៣-២០២៤ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះ ផ្ទៃដីដាំដុះស្រូវ រដូវវស្សាក៏បានកើន៤,៤ភាគរយ ធៀបនឹងឆមាសទីឆ្នាំមុន គឺធ្លាក់ចុះ៧,៥ភាគរយ៕