ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន បានរៀបចំពីធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” (Bay of Peace, Bay of Hope) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃសុក្រ ទី០៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
ពិធីនេះធ្វើឡើងក្នុងគោលបំណង អបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
-->

សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗ ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន០៣សំខាន់ៗដូចខាងក្រោម ទី១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី៩ ឆ្នាំ២០២២។

ទី២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផល កសិទេសចរណ៍ និងផលិតផលក្នុងស្រុក។
ទី៣. សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ និងមានការចូលពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀង និងកីឡាករ កីឡាការិនីជាតិ អន្តរជាតិ៕
