គម្រោងធំៗកម្រិតជាតិចំនួនពីរនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ ដែលនឹងធ្វើ  ឲ្យទីផ្សារកាន់តែមានទំនុកចិត្តឡើងវិញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈនៅឆ្នាំ២០២៣ខាងមុខនេះ គម្រោងធំៗចំនួនពីរ នឹងត្រូវបើកការដ្ឋានសាងសង់ ដែលគម្រោងទាំងពីរនេះ សុទ្ធតែជាគម្រោងក្នុងប្រវត្តិសាស្ត្រ គឺផ្លូវល្បឿនលឿនភ្នំពេញបាវិត ចំណាយទឹកប្រាក់ជាង១,៦ពាន់លានដុល្លារអាមេរិក និងគម្រោងស្ពានឆ្លងទន្លេភ្នំពេញ អរិយក្សត្រដែលមានទឹកប្រាក់ចំនួន២៤៥លានដុល្លារអាមេរិក។

តាមរយៈគម្រោងទាំងពីរនេះ នឹងជំរុញឱ្យវិស័យអចលនទ្រព្យ សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា មានសន្ទុះកំណើនមួយកម្រិតទៀត ពីព្រោះថាគម្រោងទាំងពីរនឹងនេះ នឹងតភ្ជាប់តំបន់មួយទៅតំបន់មួយទៀត កាន់តែខិតជិតគ្នា និងសម្រួលដល់ការធ្វើដំណើរការនិងការដឹកជញ្ជូន ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងកាលពីពេលថថ្មីៗនេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនសាងសង់របស់ចិនរួចហើយ ហើយនឹងត្រូវចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅអំឡុងពាក់កណ្ដាលឆ្នាំក្រោយ។ ដោយឡែកគម្រោងស្ពានឆ្លងទន្លេភ្នំពេញ អរិយក្សត្រក៏បានចុះហត្ថលេខាជាមួយសា​ធារណរដ្ឋកូរ៉េខាងរួចហើយដែរ ហើយនឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣។

លោកហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ រាជរដ្ឋាភិបាលត្រូវធ្វើការបន្ត ក្រោយពីចុះហត្ថលេខាជាមួយភាគីកូរ៉េរួច ដូចជា ជ្រើសរើសរកក្រុមហ៊ុនដែលត្រូវសាងសង់ និងដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋជាដើម ។

គម្រោងទាំងពីរ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២៣ខាងមុខ កំពុងធ្វើឱ្យអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ និងដីធ្លីកំពុងតែបាញ់ឆ្ពោះទៅរកឱកាសក្នុងការវិនិយោគរកប្រាក់ចំណេញ ។

លោកថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holdingប្រចាំខេត្តស្វាយរៀងបានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីគម្រោងផ្លូវល្បឿនលឿន កាន់តែជិតបើកការដ្ឋានសាងសង់ ធ្វើឱ្យអ្នកវិនិយោគដីធ្លីជាច្រើន ជាពិសេសមកពីរាជធានីភ្នំពេញ និងក្នុងខេត្តស្វាយរៀងផ្ទាល់កំពុងតាមដាន និងចង់ដឹងថាតើផ្លូវនេះរត់កាត់តាមណាខ្លះ មានច្រកចេញតាមណាខ្លះ ងាយស្រួលពួកគេរកឱកាសវិនិយោគដីធ្លី ។

លោកបន្តថា “អ្វីដែលប្លែកនោះគឺនៅក្រុងបាវិតក៏ឃើញថា មានការងើបឡើងវិញនៃវិស័យអចលនទ្រព្យ ជាពិសេសគម្រោងដែលជាប់គាំងកន្ល​ងមកកំពុងរៀបចំដំណើរការឡើងវិញផងដែរ ដែលជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៅក្នុងក្រុងបាវិតផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here