ដំណឹងល្អៈគម្រោងស្ពានភ្នំពេញ-អរិយក្សត្រនឹងសាងសង់ពាក់កណ្តាលឆ្នាំ២០២៣តាមផែនការគ្រោងទុក

0

ដោយៈសុផារី

ភ្នំពេញៈ កញ្ចប់ថវិកាសម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេ​ញ-អរិយក្សត្រត្រូវបានទម្លាក់ ប្រមាណ២៤៦លានដុល្លារអាមេរិកត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន។

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានបញ្ជាក់ថា ក្រោយការទម្លាក់ថវិកាកម្ចីពីភាគីកូរ៉េខាងត្បូង គម្រោងស្ពាននឹងឈានទៅកាន់ជំហានវឌ្ឍនភាពថ្មីមួយទៀត ហើយអាចនឹងចាប់ផ្តលើមការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ដូចការគ្រោងទុក។

យោងតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលកន្លងមកបានឱ្យដឹងថា គម្រោ​ងអភិវឌ្ឍន៍ ដែលជាចំណងដៃដ៏ធំរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េនេះនឹងចាប់ផ្តើមការសាងសង់បាននៅពាក់កណ្តាល ឆ្នាំ២០២៣ខាងមុខ។

លោកគង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ Property Area Asia កាលពីរសៀលថ្ងៃទី៨ ខែធ្នូនេះថា ដំណើរការសាងសង់ស្ពាននេះអាចកើតឡើងដូចអ្វី ដែលលោកទេសរដ្ឋមន្ដ្រីបានលើកឡើងពិតមែន ដោយខាងរដ្ឋាភិបាលកម្ពុជា នៅរង់ចាំតែកញ្ចប់ថវិកាពីខាងភាគីកូរ៉េតែប៉ុណ្ណោះ។

យោងតាមលោកគង់ វិមាន គណៈកម្មការអន្តរក្រសួង និងក្រុមការងារកូរ៉េ នឹងរៀបចំកិច្ចប្រជុំរួមគ្នាមួយ នាពេលខាងមុខនេះ ដើម្បីបន្តពិភាក្សាលើបញ្ហាបច្ចេកទេសនៃការសាងសង់ស្ពាននេះ។ លោកបញ្ជាក់ថា ភាគីកូរ៉េ នៅបន្តពិនិត្យមើលលើសោភ័ណភាព និងបញ្ហាបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យការសាងសង់គម្រោងនេះចេញរូបរាងមកស្អាតបំផុត។

លោកមានប្រសាសន៍ថា “ស្ពាននេះជាស្ពានមិត្តភាព ដោយមិត្តកូរ៉េចង់បានស្ពាន ដែលមានលក្ខណៈស្អាត ហើយដូចយើងបានដឹងហើយថា ទីតាំងស្ពានដាក់នៅចំកណ្តាល ដែលជាទីតាំងល្អប្រណីត”។លោកបន្តថា “ដូច្នេះទាមទារឱ្យមានការឌីសាញប្លង់ ឱ្យមានលក្ខណៈប្រណីត និងមានភាពទាក់ទាញ”។

លោកបានលើកឡើងពីជំហានបន្តថា “ក្រុមការងារអន្តរក្រសួងនឹងជជែកគ្នាជាមួយភាគីកូរ៉េ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យស្អាតតែម្តង ហើយនៅពេលដែលបានជជែកចប់សព្វគ្រប់ហើយ អន្តរក្រសួងនឹងមានការផ្សព្វផ្សា​យជាសាធារណៈ”។

គម្រោងស្ពានមិត្តភាពកម្ពុជា -កូរ៉េខាងត្បូងនេះជាគម្រោង ដែលរំពឹងទុកយ៉ាងខ្លាំងពីសំណាក់ប្រជាជន ដែលរស់នៅក្នុងក្រុងភ្នំពេញ និងតំបន់អរិយក្សត្រ ដែលនឹងជួយសម្រួលការធ្វើដំណើរ ព្រមទាំងផ្តល់ភាពងាយស្រួល ក្នុងការអភិវឌ្ឍតំបន់អរិយក្សត្រមួយកម្រិតបន្ថែមទៀត។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លើហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ភ្នំពេញ-អរិយក្សត្រ ដែលនឹងចំណាយទឹកប្រាក់ ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here