ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ដោយទទួលស្គាល់បញ្ហាប្រឈម ក្នុងវិស័យអចលនទ្រព្យនៅចុងឆ្នាំនេះ អ្នកជំនាញក្នុងវិស័យនេះ នៅតែមានសុទិដ្ឋិនិយម សម្រាប់ វិស័យនេះនៅឆ្នាំ២០២៣ខាងមុខ។
លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៩ ធ្នូថា ស្ថានភាពក្នុងវិស័យអចលនទ្រព្យនៅចុងឆ្នាំនេះ ពិតជាមានសភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែលោកស្រីនៅតែមានសុទិដ្ឋិនិយម នៅឆ្នាំ២០២៣ ដោយយើងរំពឹង មានលំហូរវិនិយោគផ្ទាល់ពីបរទេសច្រើន ពិសេសអ្នកវិនិយោគចិន។
-->

លោកស្រីបន្តថា “ឆ្នាំ២០២៣មានព្រឹត្តិការណ៍ធំៗ មួយចំនួននឹងកើតមាន ដែលផ្តល់សញ្ញាវិជ្ជមានសម្រាប់ប្រទេស គឺព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន នឹងបើកការដ្ឋានសាងសង់”។ លោកស្រីបន្តថា “អ្នកវិនិយោគក្នុងស្រុកកំពុងwait& See ប៉ុន្តែយើងរំពឹងអ្វីៗនឹងប្រសើរ”។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ពិតហើយស្ថានភាពក្នុងវិស័យនេះ ហាក់ទ្រឹងបន្តិចនៅចុងឆ្នាំនេះ ហើយឆ្នាំ២០២៣ យើងមិនទាន់អាចសន្និដ្ឋានបានទេ ដោយសារវាហាក់បីដូចជាលឿនពេក ប៉ុន្តែយ៉ាងណាភាពតានតឹងគឺមានរយៈពេលខ្លីប៉ុណ្ណោះ។
លោកបន្តថា “យើងនៅតែមានសុទិដ្ឋិនិយម ដោយសារធនាគារនៅតែបន្តផ្តល់ឥណទាន ប៉ុន្តែប្រសិនជារដ្ឋាភិបាលបង្កើន ការទម្លាក់ថវិកាជួយដល់វិស័យSMEច្រើនជាងមុន នឹងជាការប្រសើរ”។ លោកបន្តថា “បើសិនជាមិនមានលំហូរFDIពីខាងក្រៅ ប៉ុន្តែរដ្ឋាភិបាលជួយដល់SME ក្នុងអត្រាការប្រាក់ទាប វានឹងជួយទ្រទ្រង់សេដ្ឋកិច្ច យើងឲ្យមានភាពប្រសើរ និងជម្រុញឲ្យវិស័យអចលនទ្រព្យឆ្ពោះទៅមុខបាន”៕
