អ្នកវិនិយោគក្នុងស្រុកមួយរូបផ្តោតចាប់យកសក្តានុពលនៅភាគខាងត្បូងរាជធានីភ្នំពេញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍផ្ទះ និងដីឡូត៏លំហែនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា កាន់តែមានការពេញនិយមសម្រាប់អ្នកអភិវឌ្ឍន៍ ស្របពេលតម្រូវការ នៃការទិញអចលនទ្រព្យប្រភេទនេះ ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

ដោយមើលឃើញពីកំណើនេះ វិនិយោគិនក្នុងស្រុកមួយរូបបានអភិវឌ្ឍន៍ផ្ទះ និងដីឡូត៏លំហែនៅក្បែរតំបន់រមណីដ្ឋានល្បីមួយ នាប៉ែកខាងត្បូងភ្នំពេញ។

លោកចាប ពៅ អគ្គនាយកនៃក្រុមហ៊ុនបុរី HK Resident បានមានប្រសាសន៍ប្រាប់គេហទំព័រ Property area ឱ្យដឹងកាលពីសប្តាហ៍មុនថាការអភិវឌ្ឍលំនៅឋានជាប្រភេទផ្ទះវីឡា និងដីឡូត៏របស់ក្រុមហ៊ុនត្រូវបានធ្វើឡើងនៅជិតរមណីយដ្ឋានភ្នំតាម៉ៅ ដែលជារមណីយដ្ឋានដ៏ល្បីក្នុងប្រទេសកម្ពុជា ។ ការអភិវឌ្ឍនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជា អតិថិជនរបស់ខ្លួនបានទិញផ្ទះ និងមករស់នៅក្នុងតំបន់ ដែលមានទេសភាពស្អាត មានខ្យល់អាកាសល្អ ជាពិសេសនោះគឺសម្រាប់អ្នកនៅភ្នំពេញ ក្នុងការមកសម្រាកលំហែនៅថ្ងៃឈប់សម្រាកពីការងារ ឬថ្ងៃបុណ្យទាននានាជាដើម ។

លោកបន្តថា គម្រោងដែលក្រុមហ៊ុន បានអភិវឌ្ឍន៍មានដីឡូត៏ និងផ្ទះវីឡា ហើយតម្លៃវិញក៏រឹតតែពិសេស និងប្រហែលជាមិនមានក្រុមហ៊ុនណាលក់ ក្នុងតម្លៃទាបជាងទីផ្សារដូចក្រុមហ៊ុនយើងដែរ”។ លោកបន្តថា “យើងទិញដីបានតម្លៃទាប ដូច្នេះការអភិវឌ្ឍអចលនទ្រព្យ លក់ជូនអតិថិជនក៏ទាបទៅតាមហ្នឹងដែរ ហើយវាជាឱកាសល្អ សម្រាប់អ្នកកំពុងស្វែងរកផ្ទះ និងដីឡូត៏សម្រាប់សង់ផ្ទះដោយខ្លួនឯង ” ។

លោកចាប ពៅបានបន្ថែមថា សក្ដានុពលនៃតំបន់អភិវឌ្ឍន៍លំនៅឋាន និងដីឡូត៏របស់យើង មិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ ជាក់ស្ដែងទីតាំងនេះ មានចំងាយប្រមាណ៣០គីឡូម៉ែត្រ ពីរង្វង់មូលវត្តភ្នំពេញនិងប្រមាណជា១០គីឡូម៉ែត្រប៉ុណ្ណោះពីរង្វង់មូលកួរស្រូវ ហើយអ្វីដែលពិសេសនោះគឺផ្លូវជាតិលេខ២ក៏ ស្ថាបនាជិតរួចរាល់ហើយដែរ ដែលជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកកាន់ទីតាំងគម្រោង HK Residentរបស់យើង។

ក្រៅពីសក្ដានុពលទាំងនេះ ទីតាំងរបស់យើងគឺនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនៅពេលបន្តិចទៀតនេះ នឹងមានមនុស្សកាន់​តែច្រើនមករស់នៅ និងធ្វើអាជីវកម្មនៅក្បែរៗទីតាំងរបស់យើង ក្នុងនោះដែររមណីយដ្ឋានសួនសត្វភ្នំតាម៉ៅ ក៏កំពុងទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តកាន់តែច្រើនថែមទៀត។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាធ្លាប់បានលើកឡើងថា នៅពេលប្រជាពលរដ្ឋមានជីវភាពកាន់ប្រសើរ តម្រូវការលំនៅឋានទី២ ឬលំនៅឋានលំហែកាយនៅក្នុងប្រទេសកម្ពុជា ក៏កាន់តែកើនឡើងផងដែរ ដូច្នេះអ្នកអភិវឌ្ឍន៍លើលំនៅឋានលំហែកាយ និងទទួលបាននូវប្រាក់ចំណូលបន្ថែម ពីការអភិវឌ្ឍសម្រាប់ផ្គត់ផ្គង់ទៅកាន់អតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here