គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ពីស្គន់-កំពង់ចាមគ្រោងបើកការដ្ឋាននៅដើមខែក្រោយ

0

ដោយ៖ សុផារី

ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ និង គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៧ ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម គ្រោងនឹងរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននាដើមខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នេះបើយោងតាមកិច្ចប្រជុំរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និង គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ដែលដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

គម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និងគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ទទួលបានហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននូវគម្រោងទាំងពីរខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបាន ដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមាននៅក្នុងលិខិតបង្គាប់ការ។

អង្គប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ទៅលើចំណុចសំខាន់ៗនានា ដែលរួមមានដូចជា ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ ការជ្រើសរើសទីតាំងក្នុងការរៀបចំកម្មវិធី ការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងការរៀបចំចងក្រងទិន្នន័យព័ត៌មាន រូបភាព និងវីដេអូ ឯកសារជាដើម ដើម្បីដាក់ជូនទៅខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី គោរពស្នើសុំគោលការណ៍ ក្នុងការបញ្ចេញខ្លឹមសារផ្សព្វផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here