ដោយៈ សុផារី
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ច្បាស់ពីពេលវេលា នៃការចាប់ផ្តើមសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េថា គម្រោងមួយនេះ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅឆ្នាំ២០២៣ខាងមុខ។
លោកហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមបណ្តាញសង្គម នៅចុងសប្តាហ៍មុនថា ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣ខាងមុខ។
លោកបានឲ្យដឹងថា “ចំពោះមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើគឺការធ្វើនិតិវិធី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ការជ្រើសរើសក្រុមហ៊ុន ដើម្បីធ្វើការសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់”។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្តថា ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសសរទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួល ឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។
លោកបន្ថែមថា ក្រោយការសាងសង់ត្រូវបានបញ្ចប់ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រោយការសាងសង់គម្រោងស្ពានមួយនេះរួច នឹងធ្វើឲ្យតំបន់អរិយក្សត្រក្លាយជាទីក្រុងរណបដ៏ធំ និងស្រស់ស្អាតមួយ ដែលប្រមូលផ្តុំដោយសកម្មភាពសេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ មិនថាអចលនទ្រព្យ សេវាសាធារណៈ ទេសចរណ៍ ។ល។
លោកបណ្ឌិតបានប្រសាសន៍ថា “ចរន្តដីធ្លីនៅក្នុងតំបន់អរិយក្សត្រនិងតំបន់ជុំវិញនឹងមានការប្រែប្រួលមុខមាត់ ហើយកំណើនដីធ្លីនឹងមានសន្ទុះខ្លាំងនៅទីនោះ”។
លោកហ៊ាង សុទ្ធាយុត្តិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ អរិយក្សត្រនេះ សូមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការធ្វើនិតិវិធីដោះស្រាយផលប៉ះពាល់ ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពាននេះ ប្រព្រឹត្តទៅដោយរលូន ជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ ភ្ជាប់ពីផ្សារចាស់- ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខារួចហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕