ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ស្រុកចំនួនពីរនៃខេត្តកណ្ដាល ស្ថិតនៅប៉ែកខាងកើតរាជធានីភ្នំពេញ ស្រុកខ្សាច់កណ្ដាលនិងស្រុកល្វាឯម រំពឹងថានឹងមានការអភិវឌ្ឍលំនៅឋានបន្ថែមទៀត ក្រោយពីស្ពានមិត្តភាពកម្ពុជា កូរ៉េសាងសង់រួច ខណៈបច្ចុប្បន្ននេះ មានគម្រោងមួយចំនួនកំពុងដំណើរការ និងមួយចំនួនទៀតកំពុងស្វែងរកឱកាសវិនិយោគ។
អគ្គនាយកក្រុមហ៊ុនAdvance លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ ធ្នូនេះថា គំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ យើងអាចនិយាយថាជាគម្រោងមួយ ដែលជាក់លាក់ពិតប្រាកដ ក្រោយពីគម្រោងនេះបានចុះហត្ថលេខារវាងកម្ពុជា និងកូរ៉េរួចមក។
-->
តាមរយៈគម្រោងស្ពាននេះដែរ នឹងជំរុញឱ្យស្រុកពីរនៅតំបន់ប៉ែកខាងកើតភ្នំពេញ គឺស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ទទួលបានការអភិវឌ្ឍលើអចលនវត្ថុបន្ថែម ជាពិសេសការអភិវឌ្ឍលំនៅឋាន។
លោកបន្តថា នៅស្រុកល្វាឯម ការអភិវឌ្ឍលំនៅឋាននៅមានតិចតួចនៅឡើយ ដូច្នេះយើងជឿថា នៅពេលស្ពានចាប់ផ្ដើមសាងសង់ និងមានក្រុមហ៊ុនអភិវឌ្ឍន៍ ឬក៏អ្នកអភិវឌ្ឍន៍លំនៅឋាន នឹងចាប់ផ្ដើមអភិវឌ្ឍន៍សម្រាប់ផ្គត់ផ្គង់ នៅក្នុងតំបន់ទាំងពីរនោះដំណាលគ្នាដែរ ហើយៅពេលស្ពានសង់រួច គម្រោងខ្លះក៏រួចរាល់ខ្លះទៀតក៏នឹងជិតបញ្ចប់ដែរ។

លោកបន្តថា “ជាជំហានដំបូង តំបន់ទាំងពីរនេះនឹងអភិវឌ្ឍន៍លើលំនៅឋាន តែនៅពេលអនាគតយើងមិនប្រាកដថា វានឹងប្រែប្រួលយ៉ាងណានោះដែរ វាអាចជាមានអគារឬការអភិវឌ្ឍពាណិជ្ជកម្ម”។
លោកប៉ូ អ៊ាវគង់បន្តថា ទន្ទឹមនឹងសាងសង់ស្ពាននេះដែរ នៅក្នុងតំបន់ទាំងពីរ ក៏នឹងត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្តបន្ទាប់ដែរ ដើម្បីទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ជាការទាក់ទាញក្រុមហ៊ុន វិនិយោគិនទៅបណ្ដាក់ទុនវិនិយោគនៅទីនោះបន្ថែម ។

ជាមួយគ្នានេះ លោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុន ចាន់ណាលែនក៏បាននិយាយថា នៅតំបន់ប៉ែកខាងកើតនេះ លោកមើលឃើញថាមានការអភិវឌ្ឍច្រើន ទាំងលំនៅឋាននិងឧស្សាហកម្ម ហើយក៏មានក្រុមហ៊ុនថ្មីៗមួយចំនួនផងដែរ បានចូលមកស្វែងរកការវិនិយោគ នៅតំបន់វិហារសួគ៌ ដោយរំពឹងថានៅពេលឆាប់ៗនេះ នឹងមានការអភិវឌ្ឍកាន់តែច្រើនហើយមានមនុស្សរស់នៅកាន់តែច្រើន។
លោកបន្តថា “រហូតមកដល់ពេលនេះ លោកបានអភិវឌ្ឍន៍គម្រោងលំនៅឋានពីរគម្រោងហើយ ហើយក៏ទទួលបានជោគជ័យ និងគាំទ្រពីប្រជាពលរដ្ឋផងដែរ”។ លោកបន្ថែមថា “គម្រោងនីមួយៗ បានល្អស្ទើរតែទាំងស្រុងទៅហើយ និងកំពុងស្វែងរកទីតាំង ក្នុងការអភិវឌ្ឍគម្រោងបន្តបន្ទាប់ទៀត”។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកំពុងសិក្សាបង្កើត ទីក្រុងល្វាឯម ចំណុះឲ្យខេត្តកណ្តាល៕
