លោកស៊ុន ចាន់ថុលៈការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ស្ថិតក្នុងទម្រង់PPP

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលសេចក្តីព្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract – PPP) បានរៀបចំចប់សព្វគ្រប់ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ហើយឈានទៅរកការចុះហត្ថលេខា នាដើមឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពប្រមុខថ្នាក់ដឹកនាំ។​

លោកបានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី១៣ ធ្នូ ក្នុងជំនួបជំរាបលារបស់លោកPablo Kangឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ​របស់លោកនាពេលឆាប់ៗនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានសង្កត់ធ្ងន់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺពិតជាស្ថិតក្រោមទម្រង់នៃការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ប្រាកដមែន ដោយហេតុថាភាគីរដ្ឋទទួលបន្ទុកលើហិរញ្ញប្បទាន ក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ហើយភាគីក្រុមហ៊ុនឯកជន ទទួលបន្ទុកក្នុងការវិយោគសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធនានា។

លោកបន្តថា “រដ្ឋាភិបាលកម្ពុជា ជ្រើសយកវិធីវិនិយោគបែបនេះ គឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ តាមរយៈស្ពានដែលមាន៤គន្លង ដោយមិនចាំបាច់មានការចំណាយបន្ថែម”។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយនានា ពាក់ព័ន្ធនឹងការងាររៀបចំស្តង់ដារបច្ចេកទេសផ្លូវថ្នល់ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ និងការរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិលើការគ្រប់គ្រងសំណល់រាវ ដែលរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់មកកម្ពុជាជាហូរហែរតាមរយៈ កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I)។ កម្មវិធីនេះក៏ផ្តល់ជំនួយ ទៅដល់ការបង្កើតភាពជាដៃគូថ្មីៗ រវាងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធនឹងកិច្ចការហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងអូស្ត្រាលី ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ។

លោកបញ្ជាក់ថថា កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) របស់រដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃកញ្ចប់ជំនួយរួម លើការជំរុញឱ្យមានការស្តារឡើងវិញ នៅក្នុងតំបន់ពីជំងឺកូវីដ១៩ តាមរយៈការអភិឌ្ឍប្រកប​ដោយបរិយាបន្ន និងនិរន្តរភាព ហើយគំនិតផ្តួច P4I នេះ នឹងពង្រឹងបន្ថែម លើទំនាក់ទំនងរយៈពេល៧០ឆ្នាំកម្ពុជា-អូស្ត្រាលី និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់នៅកម្ពុជាផងដែរ។

តាមរយៈកម្មវិធីP4I នេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុ​ងអនុវត្តការធ្វើបច្ចុប្បន្នភាពស្តង់ដាផ្លូវថ្នល់ និងរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិលើការគ្រប់គ្រងសំណល់រាវនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here