ដោយៈ វិវឌ្ឈន៍
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញសារអបអរសាទរខួប៣០ឆ្នាំាំ នៃការដាក់បញ្ជូលប្រាសាទអង្គរវត្តជាបេតិកភ័ណ្ឌមនុស្សជាតិពិភពលោកនៅថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២។
សម្តេចបានសរសេរលើបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៤ ធ្នូនេះថា “អង្គរវត្ត” ជាប្រាសាទមួយរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ប្រាសាទ និងសិល្បៈរបស់យើងជាច្រើនទៀត បានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ លោ្ខនខោល ជាដើម។
-->

សម្តេចបន្តថា “ការបញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក រាល់កេរដំណែលរបស់យើង បានបង្ហាញឱ្យអន្តរជាតិបានស្គាល់នូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលមានតំាងពីអតីតកាលមក”។ សម្តេចបន្ថែមថា “យើងមានមោទកភាពជាទីបំផុត ចំពោះបុព្វបុរសយើង ដែលបានបន្សល់ទុកនូវស្នាដៃ និងកេរដំណែលដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយនេះ”។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរនេះឡើងដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាតិ។ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរយើង ដែលលោកបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
សម្តេចបានបន្តដោយអំពាវនាវ បងប្អូនជនរួមជាតិបន្តចូលរួមថែរក្សា ការពារប្រាសាទបូរាណ វប្បធម៌សិល្បៈរបស់យើង ទំាងអស់ឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ៕
