ដោយៈ សុខុម
ហាណូយ: អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានស្នើឱ្យក្រសួងដឹកជញ្ជូនដាក់បញ្ចូលបន្ថែម នូវអាកាសយានដ្ឋានថ្មីៗចំនួន៩ទៀត ទៅក្នុងផែនការអាកាសយានដ្ឋានជាតិ សម្រាប់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០។
យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូឱ្យដឹងថា គម្រោងអាកាសយានដ្ឋាន ដែលត្រូវបានស្នើឡើងទាំងនេះមាននៅដូចជាខេត្ត Ha Giang ខេត្ត Yen Bai ខេត្ត Tuyen Quang ខេត្ត Ha Tinh ខេត្ត Kon Tum ខេត្ត Quang Ngai ខេត្ត Khanh Hoa ខេត្ត Dak Nong និងខេត្ត Tay Ninh។
សំណើនេះត្រូវបានលើកឡើង បន្ទាប់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានចំណាយពេលមួយខែ ធ្វើការដោយផ្ទាល់ជាមួយខេត្តទាំង១០ខាងលើ ជុំវិញសំណើសុំអភិវឌ្ឍអាកាសយានដ្ឋាន នៅក្នុងខេត្តទាំងនេះ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានជំរុញឱ្យតំបន់រដ្ឋបាលខេត្តទាំងរៀបចំរបាយការណ៍សមិទ្ធលទ្ធភាព និងផែនការកៀរគរប្រមែប្រមូលមូលធន សម្រាប់ការសាងសង់អាកាសយានដ្ឋានទាំងនេះ។
ទន្ទឹមនេះ អាជ្ញាធរនេះបានបញ្ជាក់ថា ថវិការដ្ឋនឹងមិនផ្តល់មូលធនសម្រាប់អភិវឌ្ឍអាកាសយានដ្ឋានទាំងនេះឡើយ។
យោងតាមផែនការអាកាសយានដ្ឋាន ដែលក្រសួងដឹកជញ្ជូនដាក់ជូនរដ្ឋាភិបាលបង្ហាញថា វៀតណាម នឹងមានអាកាសយានដ្ឋាន សរុបរហូតដល់ទៅ២៨ នៅត្រឹមឆ្នាំ២០៣០ និងចំនួន៣១នៅត្រឹមឆ្នាំ២០៥០។
ក្រសួងដឹកជញ្ជូនវៀតណាម បានដំឡើងស្តង់ដារចំនួន៦ សម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋាន រួមមាន តម្រូវការដឹកជញ្ជូនទំនិញ តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការការពារជាតិ & សន្តិសុខ ការឆ្លើយតបគ្រាអាសន្ន & សង្គ្រោះ ស្ថានភាពធម្មជាតិ និងចម្ងាយផ្លូវជាដើម។
បច្ចុប្បន្ន វៀតណាម មានអាកាសយានដ្ឋានចំនួន២២ រួមទាំងអាកាសយានដ្ឋានអន្តរជាតិចំនួន១២ និងអាកាសយានដ្ឋានក្នុងស្រុកចំនួន១០ផងដែរ។ អាកាសយានដ្ឋានអន្តរជាតិថ្មីមួយគឺ Long Thanh International Airport កំពុងស្ថិតក្រោមការសាងសង់នៅឡើយ៕ Vietnam News៕