ក្រុមមហាសេដ្ឋីចិន ជ្រើសរើសប្រទេសសិង្ហបុរីជាគោលដៅចំណាកស្រុក ស្របពេលមានភាពវឹកវរក្នុងប្រទេសចិន

0

ដោយ: លាងហួរ
ហុងកុង: គិតចាប់តាំងពីឆ្នាំ២០១៥មក លោកស្រី Kristine Zhang បានចំណាយពេលជាច្រើនខែក្នុងមួយឆ្នាំៗនៅក្នុងប្រទេសសិង្ហបុរីជាកន្លែង  ដែលកូនប្រុសរបស់លោកស្រីកំពុងសិក្សា។

ចំណែកស្វាមីរបស់លោកស្រី ជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុនបរទេសមួយ ដែលបាននឹងកំពុងគ្រប់គ្រងអាជីវកម្មបាញ់ថ្នាំពណ៌រថយន្តនៅក្នុងទីក្រុងក្វាងទុងនៃប្រទេសចិន។

ស្វាមីរបស់លោកស្រី Zhang មានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរទីលំនៅរបស់គ្រួសារទៅកាន់ប្រទេសសិង្ហបុរី ឬប្រទេសផ្សេងទៀត ដោយសារតែលោកមានសុទិដ្ឋិនិយមនៅលើទីផ្សារប្រទេសចិន ប៉ុន្តែនាពេលថ្មីៗនេះលោកក៏បានផ្លាស់ប្តូរគំនិតវិញ។

លោកស្រី Zhang បានមានប្រសាសន៍ថា យើង​នឹង​បាន​ជួបជុំ​គ្រួសារឡើងវិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ  ប៉ុន្តែ​មិន​ដូច​កាល​ពី​ដំបូង​ឡើយ ព្រោះសិង្ហបុរី​មិន​មែន​ជា​ប្រទេស​ឆ្លង​កាត់​សម្រាប់​កូន​ប្រុស​យើង​ទៀតនោះទេ ប៉ុន្តែ​វាជា​ផ្ទះ​អចិន្ត្រៃយ៍របស់ពួកយើង។

ប្តីប្រពន្ធទាំង២គឺជាផ្នែកមួយនៃរលកថ្មីនៃការអន្តោប្រវេសន៍ និងការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសសិង្ហបុរី  ដែលប្រទេសនេះកំពុងក្លាយជាមេដែកស្រូបទាញអ្នកជំនាញ និងអ្នកមានទ្រព្យស្តុកស្តម្ភ ស្របពេលប្រទេសចិនកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច  និងសង្គម។ នេះបើយោងតាមបទសម្ភាសន៍ជាមួយអ្នកប្រឹក្សា អ្នកវិនិយោគ និងជនអន្តោប្រវេសន៍។

ទីផ្សារក្នុងស្រុកដ៏យឺតយ៉ាវ ការកើនឡើងនៃការបិទខ្ទប់ជំងឺឆ្លង ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងភាពខ្សោយរបស់ប្រាក់យ័ន កំពុងបំផ្លាញអស់ទ្រព្យសម្បត្តិរបស់យើងបន្តិចម្តងៗ រួមទាំងការត្រួតពិនិត្យពន្ធកាន់តែតឹងរ៉ឹងនៅពេលខាងមុខ ហើយចំណុច​ ដែលសំខាន់​នោះគឺ​យើង​មិន​ដឹង​ថា​ រឿងនេះនឹង​អូសបន្លាយពេល​យូរ​ប៉ុណ្ណា​ទៀតនោះទេ។

គ្រួសារនេះ គ្រោងនឹងលក់អចលនទ្រព្យចំនួន៣នៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣  ដែលមានតម្លៃប្រហែល២,១លានដុល្លារអាមេរិក ដើម្បីផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសសិង្ហបុរី ដោយពួកគេសង្ឃឹមថានឹងក្លាយជាពលរដ្ឋ និងចាប់ផ្តើមអាជីវកម្មថ្មីមួយនៅទីនោះ។

ភាពទាក់ទាញរបស់​ប្រទេសសិង្ហបុរី​មាន​លក្ខណៈ​ចម្រុះ​សម្រាប់​ជនអន្តោប្រវេសន៍​ចិនដីគោក ដោយជនជាតិចិនគឺជាក្រុមជនជាតិភាគតិចដ៏ធំបំផុតនៅក្នុងប្រទេស សិង្ហបុរី ហើយភាសាចិនកុកងឺត្រូវបាននិយាយយ៉ាងទូលំទូលាយ។

ប្រទេសសិង្ហបុរីក៏​បាន​រក្សា​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​ទីក្រុង​ប៉េកាំង​ ផងដែរ ទោះបីជាភាព​តានតឹង​រវាង​ប្រទេសចិន និង​អាមេរិក​កំពុងតែ​ឡើងកំដៅយ៉ាងណាក្តី។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Henley Global Citizens Report  ដែលបានចេញផ្សាយកាលពីខែមិថុនាបានឱ្យដឹងថា ទីក្រុងសាំងហ្គាពួរ គឺជាគោលដៅមួយក្នុងចំណោមគោលដៅកំពូលទាំង៥ សម្រាប់អ្នកមានទ្រព្យស្តុកស្តម្ភ ដែលប្រាថ្នាចង់ធ្វើចំណាកស្រុក រួមជាមួយនឹងប្រទេសអារ៉ាប់រួម អូស្ត្រាលី អ៊ីស្រាអែល និងប្រទេសស្វីស៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here