ដោយគង់ សូរិយា
ភ្នំពេញ: រដ្ឋមន្រ្តីពាណិជ្ជកម្មសន្យារកវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ក៏ដូចជាទុន ដើម្បីទប់តម្លៃកសិផល មិនឲ្យធ្លាក់ចុះនៅឆ្នាំ២០១៩ខាងមុខនេះ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន ក្រោយពិធីបើកសន្និបាតក្រសួងកាលពីថ្ងៃទី២៤ ខែធ្នូកន្លងកន្លងមកនេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ការធ្លាក់ចុះតម្លៃនៃកសិផលកន្លងមក ដោយសារតែដល់រដូវប្រមូលផល នៅប្រទេសជិតខាងក៏ប្រមូលដូចគ្នានៅកម្ពុជាផងដែរ ដែលធ្វើឲ្យតម្លៃកសិផលមានការធ្លាក់ចុះនិងធ្វើឲ្យយើងមានបញ្ហា។
លោកបន្តថា ដើម្បីធ្វើឲ្យប្រសើរឡើងលើការងារនេះ ក្រសួងបានរៀបចំគោលដៅជួយកសិករ ផលិតករ ដើម្បីទទួលបាននូវឥណទានសមស្រប រកទីផ្សារ ផ្តល់បច្ចេកទេសដាំដុះនិងប្រមូលផល កែច្នៃ វិចខ្ចប់ និងបង្កើតយន្តការអចិន្រ្តៃយ៍សម្រាប់ជួយអន្តរាគមន៍ សំដៅរក្សាស្ថេរភាពថ្លៃនៅក្នុងរដូវប្រមូលផល ក៏ដូចជាធ្វើសន្និធិទំនិញយុទ្ធសាស្រ្តសំខាន់ៗ ដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងរៀបចំយន្តការសម្រាប់ធានាស្ថេរភាពថ្លៃ និងរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការនៃទំនិញយុទ្ធសាស្រ្តទាំងនោះលើទីផ្សារជាដើម។
លោកបន្តថា “កិច្ចការទាំងនេះនឹងចេញជាផ្លែផ្កាខ្លះៗ នៅឆ្នាំ២០១៩ខាងមុខ និងឆ្នាំជាបន្តបន្ទាប់ ដើម្បីដោះស្រាយនូវបញ្ហាប្រមូលកសិផល ដែលជារដូវទទួលផលផងនោះ”។
តម្លៃកសិផលជារឿងមួយដែលកសិករកម្ពុជា តែងតែជួបបញ្ហាប្រឈមនៅពេលរដូវប្រមូលផលមកដល់ ដោយសារតម្លៃកសិផលតែងតែធ្លាក់ចុះ ហើយអ្នកជំនាញតែងលើកឡើងថា បញ្ហាធ្លាក់ចុះឬកើនឡើងតម្លៃកសិផល គឺដោយសារកម្ពុជាការពឹងផ្អែកប្រទេសជិតខាង។ ហេតុនេះរដ្ឋាភិបាលត្រូវពង្រីកទីផ្សារខ្លួនឯងទៅកាន់ប្រទេសទី៣ តាមរយៈការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនានា ពិសេសការដឹកជញ្ជូនតាមកំពង់ផែសមុទ្រ ទើបអាចនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារ ដែលឆ្ងាយពីប្រទេសជិតខាងកម្ពុជាបាន៕