ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់យក្ស ក្នុងស្រុកOCICបាន និងកំពុងបោះទុនប្រមាណ១៥០លានដុល្លារ សាងសង់បុរីជ្រោយចង្វារ ហ្គាដិន នៅក្នុងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។
ប្រធានគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ នៃក្រុមហ៊ុនOCIC លោកម៉េង ចំរើនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២១ ធ្នូនេះថា គំរោងនេះ ស្ថិតនៅលើផ្ទៃដីទំហំ១៣ហិកតា ស្ថិតនៅជាប់នឹងផ្លូវមេ នៃទីក្រុងរណបជ្រោយចង្វារទាំងមូ និងមានទីតាំងនៅកៀកនឹងទីស្នាក់ការកណ្តាលសហភាពសហព័ន្ឋយុវជនកម្ពុជា។
លោកបន្តថា “ប្រសិនបើគិតត្រួសៗ គំរោងនេះគ្រោងចំណាយទុន១៥០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលតម្លៃដី ក្នុងតំបន់នេះនៅឡើយទេ”។
ទីក្រុងរណបជ្រោយចង្វារ មានផ្ទៃដីទំហំជាង១០០ហិកតា បាននិងកំពុងអភិវឌ្ឍន៍តាមទស្សនទានថ្មី ជាទីក្រុងឆ្លាតវៃ និងគ្រោងបោះទុនវិនិយោគប្រមាណ៦០០០លានដុល្លារអាមេរិក។
លោកម៉េង ចំរើនបានបន្តឲ្យដឹងទៀតថា គំរោងជ្រោយចង្វារ ហ្កាដិនបានផ្តោតលើការសាងសង់ផ្ទះប្រភេទវីឡាប្រណីត ដែលបានរចនាឡើងស្របតាមបរិបទសម័យថ្មី និងរសនិយមរបស់អតិថិជន ព្រោះមុនសាងសង់គំរោងនេះ យើងបានសិក្សាទីផ្សារ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋរួចហើយ។ គំរោងនេះបានសាងសង់សួនច្បារ កន្លែងហាត់ប្រាណ និងហេ ដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលផ្តល់ភាពងាយស្រួល និងផាសុខភាពដល់អ្នករស់នៅផងដែរ។
លោកម៉េង ចំរើនបានបន្តទៀតថា ទីក្រុងរណបនេះ ដើរតួនាទីសំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ច និងអជលនទ្រព្យនៅរាជធានីភ្នំពេញ និងកំពុងត្រៀមដាក់ដំំណើរការស្ពានតភ្ជាប់ ពីផ្លូវជាតិលេខ៥ មកកាន់តំបន់នេះ ដែលវាជាស្ពាតតភ្ជាប់ដោយខ្សែកាបដំបូងគេ នៅរាជធានីភ្នំពេញ៕