ដោយ៖ សុផារី
កំពង់ស្ពឺ៖ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) នឹងធ្វើការស្តារនិងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៤១ ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកំពត និងមានប្រវែងជិត១០០គីឡូម៉ែត្រ នឹងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។
កម្មវិធីបើកការដ្ឋានសាងសង់ផ្លូវជាតិមួយនេះនឹងមានការចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកំពត ធ្លាប់ត្រូវបានសាងសង់រួចរាល់ហើយ ប៉ុន្តែកាលនោះ ត្រូវបានសាងសង់ដោយកៅស៊ូមិនសូវមាំល្អ ហើយក៏មានរយៈពេលប្រើប្រាស់ជាង១០ឆ្នាំមកហើយ។
សម្តេចតេជោបានអះអាងថា នៅក្នុងពេលនេះ គម្រោងជុសជុលផ្លូវជាតិ៤១នេះនឹងត្រូវបានសាងសង់ដោយសម្ភារដែលមានគុណភាពល្អ ហើយអាចធានាថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ នៅក្នុងការដឹកជញ្ជូននៅតាមផ្លូវនេះ។
ផ្លូវជាតិលេខ៤១មានប្រវែង៩៥,២៦៨គ.ម ទទឹង១០ម ជាប្រភេទកៅស៊ូ (DBST) ចាប់ពីថ្នល់ទទឹងចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ជុំគីរី ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត៕