ដោយ៖ សហការី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ឱ្យពន្លឿនចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅសេសសល់។
ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទទូចឱ្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ធ្វើកិច្ចការងារនេះឱ្យបានសម្រេចដូចដែលបានគ្រោងទុក។
-->

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា “ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ វានៅតិចណាស់ ប៉ុន្តែយើងហាក់ដូចជាកន្លែងខ្លះពន្យានូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬការធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្ដី ជាលក្ខណៈដោយដាច់ដោយដុំក្ដី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរក៏ប៉ុន្ដែធ្វើដោយមិនមានគេហៅថា មិនមានការជំរុញ គឺមិនមានការសម្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ”។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ទាំងអស់ឲ្យពន្លឿនការចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលនៅសេសសល់ ហើយការងារនេះអភិបាលរាជធានី-ខេត្ត ក៏ត្រូវយកចិត្តទុកដាក់ទៅលើរឿងនេះ ជារឿងចាំបាច់របស់ប្រជាពលរដ្ឋ ហើយជាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។
របាយការណ៍របស់ក្រសួងរៀបចំដែនដី បានបង្ហាញថា ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន៧លានប័ណ្ណ ស្មើនឹង៩៦,០២ភាគរយ នៃចំនួនក្បាលដីប៉ានស្មានចំនួន៧លានក្បាលដី ហើយនឹងខិតខំដោះស្រាយឱ្យបាន១០០ភាគរយ នៅឆ្នាំ២០២៣ខាងមុខ៕
