ដោយស៊ីវ ម៉េង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែ មានចំនួន៥៧គំរោងដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ក្នុងជំនួប ពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល និងគណៈកម្មការទី៩ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះថា គោលដៅការអភិវឌ្ឍន៍រ៉ែនេះ អ្នកធ្វើអាជីវកម្មស្វែងរុករក ឬដំណាក់កាលសិក្សារ៉ែ បានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍។ ជាក់ស្តែងចាប់ពីឆ្នាំ២០១៤ ដល់២០១៨នេះ អាជ្ញាប័ណ្ណរ៉ែមានកំណើនចាប់ពី១៤ដល់២៧អាជ្ញាប័ណ្ណ ក្នុងនោះក្រសួងបានផ្អាក ឬចប់គម្រោងសមប្បទានស្វែងរុករករ៉ែពីចំនួន១៣១ មកនៅ៥៧គម្រោង កំពុងបន្តប្រតិបត្តិការ។
លោកបន្តថា “ការផ្តល់ធ្វើអាជីវកម្មរ៉ែ កន្លែងដែលក្រសួងបានចេញអាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្ម មូលដ្ឋាននោះនឹងមានការអភិវឌ្ឍន៍រីកចម្រើនផងដែរ ក្រោមគម្រោងមូលនិធិរ៉ែ ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។លោកបន្តថា “អាជ្ញាធរមូលដ្ឋានជ្រើសរើសយកគោលដៅតំបន់អភិវឌ្ឍន៍ ហើយរហូតមកដល់បច្ចុប្បន្នមូលនិធិនេះ បានចូលរួមអភិវឌ្ឍន៍ចំនួន៧ខេត្តរួចមកហើយ។
ជាមួយគ្នានេះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីក្រសួងទាំងអស់ ក្នុងការជម្រុញកែទម្រង់លើវិស័យរបស់ក្រសួង និងបានលុបបំបាត់ការធ្វើអាជីវកម្ម រ៉ែអាណាធិបតេយ្យបានជាអតិបរិមា ជាពិសេសវិស័យអគ្គិសនី ដែលបានកំពុងចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកជំទាវបន្តថា “សូមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទាំងអស់ បន្តការអភិវឌ្ឍន៍វិស័យទាំងនេះឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធដើម្បីជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរិកចម្រើន”៕