ដោយ: សុផារី
ភ្នំពេញ: ក្នុងចំណោមខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ តម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗមានភាពខុសគ្នា និងមានកំណើនខ្ពស់ខ្លាំងខុសគ្នាផងដែរ។ ក្នុងនោះ ខណ្ឌដែលមានតម្លៃដីធ្លីខ្ពស់បំផុត គឺខណ្ឌដូនពេញ។
យោងតាមរបាយការណ៍វាយតម្លៃតម្លៃដីធ្លី ក្នុងរាជធានីភ្នំពេញប្រចាំឆ្នាំ២០២២ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ក្នុងចំណោមខណ្ឌទាំង១៤ ខណ្ឌដូនពេញជាទីតាំង ដែលមានតម្លៃដីធ្លីខ្ពស់បំផុត ដោយមានតម្លៃខ្ពស់រហូតដល់ទៅ១៣.៣០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃទាបបំផុតប្រមាណ២.២០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
-->

ទិន្នន័យដដែលបានបង្ហាញថា តម្លៃដីធ្លីខ្ពស់បំផុតនៅក្នុងខណ្ឌដូនពេញ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ទី២ ទី៣ ដែលស្ថិតនៅចន្លោះ៥.៦០០ដុល្លារ ដល់ទៅ១៣.៣០០ដុល្លារ សម្រាប់ទីតាំងជាប់ផ្លូវធំ និង២.៩០០ដុល្លារ ដល់ទៅ៤.៧០០ដុល្លារ សម្រាប់ទីតាំងជាប់ផ្លូវតូចៗ។
សង្កាត់ដែលមានតម្លៃដីធ្លីខ្ពស់បន្ទាប់ទី២ គឺសង្កាត់ផ្សារកណ្តាលទី១ និងទី២ ដែលតម្លៃដីអាចកើនឡើង រហូតដល់១២.២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងទាបបំផុតក៏៥.៦០០ដុល្លារ សម្រាប់ទីតាំងជាប់ផ្លូវធំ។
ចំណែកសង្កាត់ផ្សេងទៀត នៅក្នុងខណ្ឌដូនពេញ ដូចជា សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់បឹងរាំង សង្កាត់ផ្សារចាស់ នៅតែមានតម្លៃខ្ពស់ផងដែរ ពោលគឺគិតជាមធ្យម មានតម្លៃប្រមាណ៥.០០០ដុល្លារអាមេរិក ដល់៩.៤០០ក្នុងមួយម៉ែត្រការ៉េ៕
