ដោយ៖ សុផារី
ភ្នំពេញ៖ អត្រានគរូបនីយកម្មនៅក្នុងក្រុងភ្នំពេញកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ដីធ្លីនៅក្នុងក្រុងក៏កាន់តែមានតម្រូវការខ្ពស់។ សម្រាប់ការប្រកួតប្រជែងខ្ពស់ អ្នកជំនាញដីធ្លីណែនាំវិធីសាស្រ្តគិតចំនួន៥យ៉ាង ដើម្បីទទួលបានដីធ្លី និងក្លាយជាអ្នកវិនិយោគពិតប្រាកដមួយ។

លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ចែករំលែកអំពីវិធីសាស្រ្តនៅក្នុងការវិនិយោគដីធ្លីគ្រប់ប្រភេទ ដើម្បីទទួលបានដីធ្លី និងក្លាយជាអ្នកវិនិយោគដីធ្លី ស្របពេលទីក្រុងកំពុងពង្រីកកាន់តែធំៗទៅ។
លោកបានមានប្រសាសន៍នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះថា ទី១ ការទិញដីត្រូវគិតថាចង់បានដីសម្រាប់ ធ្វើផ្ទះ និងទិញដីសម្រាប់កូនចៅជំនាន់ក្រោយ ព្រោះក្រុងកាន់តែរីក មនុស្សកាន់តែកើន ដីកាន់តែថ្លៃ។
ទី២ ការទិញដី សូមកុំគិតតែរឿងចំណេញ ត្រូវគិតឱ្យចេញ ទិញដីឱ្យបានសិន។

ទី៣ ការទិញដី គឺការរៀនរៀបចំគោលដៅ ការរៀនជួប និងជជែកជាមួយអ្នកស្រឡាញ់ដី។ ប្រសិនបើចង់បានដី ឈ្នុសឈ្នុល រកដីមានតម្លៃធូរថ្លៃ នោះយើងនឹងមានចិត្តក្នុងការសន្សំលុយ ចង់បានដី ទិញមួយ ហើយទិញទៀត នោះយើងនឹងមានដីច្រើន។
ទី៤ ការទិញដី ត្រូវគិតពីដី ស្គាល់ពីការអភិវឌ្ឍដី ការរីកដាលនៃក្រុង នោះយើងប្រាកដជាមានដី។
ទី៥ ការទិញដី ត្រូវទិញហើយរង់ចាំ តែកុំរង់ចាំទិញដី៕
លោកឧកញ៉ាបានសរសេរបន្ថែមថា “លោកសុខចិត្តក្រដោយសារទិញដី តែដីមិនធ្វើឱ្យយើងក្រនោះទេ”៕







